Logo
សេដ្ឋ កិច្ច
តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មាន? ចូររៀបរាប់។
○ ប្រព័ន្ធសេដ្ឋកិច្ចមានបី សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជារ ឬ សេដ្ឋកិច្ចផែនការ និង សេដ្ឋកិច្ចចម្រុះ។
🎯 សេដ្ឋកិច្ចទីផ្សារសេរី៖ កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និង នីតិបុគ្គល។ ដោយឡែក យន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារ ដែលតាងទ្រឹស្តីក្លាស្សិក ហៅថា ជា សេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ប្រព័ន្ធសេដ្ឋកិច្ចនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធាន គឺជា សេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ច ជាការពិតសេរីភាពនេះ អាស្រ័យទៅនឹងសេចក្តីត្រូវការ និង ការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច។ ពីព្រោះ មុននឹងផលិតរបស់អ្វីមួយ ភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករ ត្រូវសិក្សាសេចក្តីត្រូវការរបស់អតិថិជន ឬ អ្នកប្រើប្រាស់។ ករណីនេះ សកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ ការប្រើប្រាស់ទំនិញ និង សេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ប្រឹងប្រែងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងតាមរយៈការប្រកួតប្រជែង។

🎯 សេដ្ឋកិច្ចបញ្ជារ៖ រដ្ឋមានកម្មសិទ្ធិលើធនធាន និង កត្តាផលិតស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រង និង សម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថា ដំណើរផលិតកម្មស្ថិតនៅក្រោមការការពាររបស់រដ្ឋស្ទើរតែទាំងអស់។ ដំណោះស្រាយធំៗ ទាក់ទងទៅនឹងផលិតកម្ម ការគ្រប់គ្រង ការបែងចែកធនធានផ្សេងៗ ត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ។ សហគ្រាសជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះ សកម្មភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចទាំងក្នុងផលិតកម្ម ការបែងចែក ព្រមទាំងការផ្លាស់ប្តូរទំនិញ និង សេវាស្ថិតនៅក្រោមការត្រួតពិនិត្យ នឹងត្រូវអនុវត្តតាមផែនការរបស់រដ្ឋ។ និយាយរួម ផែនការផលិតកម្មរបស់សហគ្រាសនីមួយៗត្រូវចាត់ចែង ត្រួតពិនិត្យ និង អនុវត្តតាមផែនការរបស់រដ្ឋ ដែលមានក្រុមប្រឹក្សាផែនការជាតំណាង ហើយជាទូទៅ ផែនការទាំងនេះ ជា អ្នកកំណត់ចំពោះសហគ្រាសទីមួយៗ ពីបរិមាណគុណភាព បរិមាណគុណផល និង តើត្រូវផលិតអ្វី? ផលិតដូចម្តេច? សម្រាប់នរណា? ចំនួនប៉ុន្មាន? ក្នុងថ្លៃប៉ុន្មាន? ដូច្នេះ សមាមាត្របរិមាណផលិតកម្មរវាងទំនិញវិនិយោគ និង ទំនិញប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ត្រូវបានគ្រប់គ្រង និង កំណត់ដោយផែនការរដ្ឋ។

🎯 សេដ្ឋកិច្ចចម្រុះ៖ យន្តការរដ្ឋ និង យន្តការទីផ្សារមានតួនាទីសំខាន់ៗ ដូចគ្នា ក្នុងដំណោះស្រាយបញ្ហាថាផលិតអ្វី? ផលិតដូចម្តេច? ផលិតសម្រាប់នរណា? ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ច្រើនស្ថិតនៅចន្លោះ ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ឬ សេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជារ។ ឧទាហរណ៍ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ពីព្រោះថា នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាច្រើន ផ្នែកឯកជនដើរតួសំខាន់ ហើយសកម្មភាពមួយចំនួនទៀត ដំណើរការដោយរដ្ឋខ្លួនឯង តាមរយៈការអនុវត្តបទបញ្ញតិផ្សេងៗ ការយកពន្ធ និង ការឧបត្ថម្ភជាដើម ជាងនេះទៀត រដ្ឋមានតួនាទីសកម្មក្នុងការប្រើប្រាស់ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមាននៅក្នុងដៃសម្រាប់សម្របសម្រួលក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធ សម្រាប់រក្សារស្ថេរភាពនៃការផ្គត់ផ្គង់ និង ជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងផ្គត់ផ្គង់ទំនិញ និង សេវាសាធារណៈ ជាពិសេសទំនិញ និង សេវាដែលអវត្តមាននៅក្នុងទីផ្សារ។ តាមរយៈនេះ ការធ្វើអន្តរាគមន៍របស់រដ្ឋអាចកែសម្រួល និង បំពេញចន្លោះខ្វះខាតនូវយន្តការទីផ្សារ និង ដើម្បីផ្ទេរសកម្មភាពទាំងនេះ ឱ្យក្លាយជាសកម្មភាពមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ សេដ្ឋកិច្ចអតីតសហភាពសូវៀត និង បណ្តាប្រទេសនៅអឺរ៉ុបខាងកើត មានលក្ខណៈជាសេដ្ឋកិច្ចចម្រុះដែរ តែបែបសេដ្ឋកិច្ចផែនការ។ ក្នុងករណីនេះ ពិតមែនតែអ្វីៗ (ទាំងកម្មសិទ្ធធនធានសេដ្ឋកិច្ច ការរៀបចំផែនការ ការអនុវត្តន៍ និង ការត្រួតពិនិត្យ) ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង សេដ្ឋកិច្ចចម្រុះបែបបញ្ជារនេះ ជៀសមិនផុតពីការប្រើប្រាស់យន្តការទីផ្សារនោះទេ ពោល គឺ នៅតែមានសេសសល់កម្មសិទ្ធឯកជនលើធនធានសេដ្ឋកិច្ចមួយចំនួន។ បច្ចុប្បន្ន កូរ៉េខាងជើង និង ប្រទេសគុយបា អាចចាត់ថា ជា សេដ្ឋកិច្ចចម្រុះបែបបញ្ជារ។
15 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it