Logo
ក្រសួង​ ស្ថាប័ន
5 hours ago
តើសង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា។ សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹងបំណិន និង កម្រិតជំនាញច្បាស់លាស់។ ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនារីកចម្រើនលូតលាស់ អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឲ្យសង្គមដំណើរការបានល្អ។ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះសង្គមធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និតប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
13 hours ago
ដូចម្តេចហៅថាឥណទានសាធារណៈ?
○ ឥណទានសាធារណៈ Public Credit ជា​ ការខ្ចីដោយកំរិតរដ្ឋាភិបាល ដើម្បីមានហិរញ្ញវត្ថុសំរាប់ទិញសេវា និង កម្មវិធីសុខមាលភាពផ្តល់ទៅឲ្យប្រជាជាតិ។ សហព័ន្ធរដ្ឋ និង រដ្ឋាភិបាលប្រចាំតំបន់គ្រប់ថ្នាក់ ខ្ចីប្រាក់នៅពេលចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីផ្តល់ទៅលើកម្មវិធី។ ការខ្ចីតាមរយៈការបោះសញ្ញាប័ណ្ណរដ្ឋាភិបាល ដោយសន្យាសងមូលនិធិទៅអ្នកវិនិយោគ ជាមួយការប្រាក់តាមវេលាដែល​បានកំណត់លើប័ណ្ណ។
ចំណេះដឹង ទូទៅ
1 day ago
តើការរៀបចំពិព័រណ៍ក្នុង និង ក្រៅប្រទេស មានសារប្រយោជន៍យ៉ាងណាខ្លះ ចំពោះវិស័យកសិកម្ម?
○ ការរៀបចំពិព័រណ៍ក្នុង និង ក្រៅប្រទេសមានសារប្រយោជន៍ណាស់ ចំពោះវិស័យកសិកម្ម ដោយសំដៅលើកកម្ពស់កិត្យានុភាពជាតិ ដើម្បីធ្វើឱ្យសាធារណជនទទួលស្គាល់ផលិតផលប្រើប្រាស់ក្នុងស្រុក ជំរុញឱ្យមានការកែលម្អគុណភាព និង រចនាម៉ូតផលិតផល រុញច្រានផលិតផលខ្មែរជ្រៀតចូលទៅក្នុងទីផ្សារបរទេស។
អក្សរសាស្រ្ត ខ្មែរ
2 days ago
ក្នុងឱកាសបើការដ្ធានសំណង់ស្ពានអ្នកលឿង កាលពីឆ្នាំកន្លងទៅ ប្រមុខរដ្ធាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការជួសជុល និង កសាងស្ពាន ផ្លូវគមនាគន៍ គឺជា មធ្យោបាយសំខាន់មួយ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ...។ ចូរពន្យល់ដោយលើកហេតុផលបញ្ជាក់។
○ សារៈសំខាន់របស់គមនាគមន៍ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ មានដូចតទៅ៖
• កាត់បន្ថយចំណាយលើការជួសជុលយានជំនិះ ដោយមានស្ពាន ផ្លូវល្អ ធ្វើឱ្យយានជំនិះក្រខូច ប្រើបានយូរ ពន្យាពេលជួសជុល មិនចំណាយគ្រឿងបន្លាស់។
• កាត់បន្ថយចំណាយលើការប្រើប្រាស់ប្រេងឥន្ទនៈ ដោយមានស្ពាន ផ្លូវល្អ មិនកកស្ទះ ល្បឿនថេរ ប្រើប្រាស់ប្រេងឥន្ធនៈអស់តិច។
• កាត់បន្ថយជំងឺផ្សេងៗ បណ្តាលមកពីការធ្វើដំណើរយូរ និង ធូលី។
• ផលិតផលទំនិញ ចរាចរណ៍ទាន់ពេលវេលាទូទាំងប្រទេស រក្សាបាននូវគុណភាពទំនិញ ទំនិញមានតម្លៃទាប។
• សិស្សចំណាយពេលតិច ក្នុងការធ្វើដំណើរទៅសាលារៀន ចំនេញពេលវេលា សម្លៀកបំពាក់ស្អាត សម្ភារស្អាត ប្រើប្រាស់បានយូរ។
• សេវាសុខភាភិបាលមានប្រសិទ្ធភាព ធានាបានការសង្គ្រោះទាន់ពេលចំពោះអ្នកមានជង្ងឺ។
• សេដ្ធកិច្ចរីកចំរើន ផលិតផលកើនឡើង ជីវភាពប្រជាជនធូរធារ ពាណិជ្ជកម្មដំណើរការបានល្អ ទេសចរណ៍កើនឡើង។
• អាចសង្គ្រោះទាន់ពេលនូវអគ្គិភ័យ គ្រោះយថាហេតុដោយធម្មជាតិ។
• សរុបមកការជួសជុលស្ពាន ផ្លូវគមនាគមន៍មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាជន ជួយលើកតម្កើងជីវភាពអ្នកស្រុក និង ធ្វើឱ្យសេដ្ធកិច្ចជាតិរីកចម្រើន។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 days ago
ចូរនិយាយអំពីសមាជិក្រុមប្រឹក្សាសន្តិសុខនីមួយៗឲ្យបានក្បោះក្បាយ។
○ សមាជិកក្រុមប្រឹក្សាសន្តិសុខនីមួយៗ មាន សំឡេងឆ្នោតមួយ។ សេចក្តីសម្រេចចិត្ត បី នីតិវិធី ត្រូវធ្វើឡើងដោយការបោះឆ្នោតយល់ស្របយ៉ាងហោចណាស់ ៩ សំឡេងលើ ១៥។ សេចក្តីសម្រេចចិត្តពីបញ្ហាអាទិភាព តម្រូវឲ្យមានសំឡេងឆ្នោត ៩ សំឡេង ដោយមានការឯកភាពពីសមាជិកអចិន្រ្តៃយ៍ទាំង ៥ ផង។ នេះ គឺជា ច្បាប់ឯកច្ធ័ន្ធនៃមហាអំណាច ជាញឹមញាយសំដៅលើអំណាចវេតូ (Veto Power)។ ប្រសិនបើ មាន សមាជិកអចិន្រ្តៃយ៍ណា​មួយ មិនយល់ព្រមនឹងសេចក្តីសម្រេចទេ នោះសេចក្តីសម្រេចចិត្តនោះ ត្រូវបានសមាជិកបោះឆ្នោតបដិសេដនេះ បង្ហាញពីការប្រើប្រាស់អំណាចវេតូ។ សមាជិកអចិន្រ្តៃយ៍ទាំង ៥ បានអនុវត្តសិទ្ធិវេតូក្នុងពេលតែមួយ ឬ ពេលផ្សេងគ្នា។ ប្រសិនបើ សមាជិកអចិន្រ្តៃយ៍ណាមួយមិនគ្រាំទ្រសេចក្តីសម្រេចក្តី ​ប៉ុន្តែ ក៏គ្មានបំណងរាំងស្ទះសេចក្តីសម្រេច​នោះ តាមរយៈការបោះឆ្នោតវេតូ នោះគេអាចបោះឆ្នោតអនុប្បវាទបាន។ យោងតាមធម្មនុញ្ញ សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ទទួលយក និង អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ​។ នៅពេលដែលយន្តការដទៃទៀតនៃអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលនានា ក្រុមប្រឹក្សាសន្តិសុខ មានអំណោចធ្វើសេចក្តីសម្រេចចិត្តតែម្នាក់ឯង ដែលរដ្ឋជាសមាជិកមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញ។
ជីវៈ វិទ្យា
2 days ago
តើទឹកខួរមាននាទីអ្វីខ្លះ?
○ ទឹកខួរទាញយកអុកស៊ីសែន គ្លុយកូស គោលិកាស និង អរម៉ូនពីឈាមទៅចិញ្ចឹមកោសិកាប្រសាទ។ ក្រៅពីនេះ វាជាកំណល់ដែលការពារខួរក្បាលពីការប៉ះទង្គិចផ្សេងៗ។
ផែនដី វិទ្យា
3 days ago
តើកត្តាអ្វីខ្លះមានឥទ្ធិពលលើរយៈ​កម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់? ចូរ​ពន្យល់?
○ កត្តា​ដែលមានឥទ្ធិពល លើរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ គឺ ទីតាំងនៃគន្លងរបស់ព្រះអាទិត្យ និង រយៈ​ទទឹងនៅលើផែនដី។
• រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រ​ង់ ប្រែប្រួលទៅតាមទីតាំងនៃគន្លងរបស់ព្រះអាទិត្យ ដោយសារគន្លងមានរាង​អេលីប និង អក្ស័ររបស់ផែនដីទ្រេត (២៣.២៧ ដឺក្រេ) នាំឲ្យបង្កើតបានមុំចាំងប៉ះខុសគ្នា។
• រយៈទទឹងលើផែនដី ក៏មានឥទ្ធិពលដល់រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ដែរ គឺថា អ្នកស្ថិតនៅអេក្វាទ័រមើលឃើញរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ជាងអ្នកស្ថិតនៅតំបន់ត្រជាក់បង្គួរ និង តំបន់ប៉ូល។ កត្តា​នេះ គឺ ដោយសារផែនដីមានរាងមូល ធ្វើឲ្យតំបន់អេក្វាទ័រ ទទួលបានមុំចាំងប៉ះនៃពន្លឺព្រះអាទិត្យធំ និង កាន់តែតូចទៅៗ ឆ្ពោះទៅរយៈទទឹងកាន់តែខ្ពស់។
ចំណេះដឹង រដ្ឋបាល
3 days ago
តើលិខិតស្នើសុំយោបល់មានគំរូទម្រង់ដូចម្តេច?
○ លិខិតស្នើសុំយោបល់ មានគំរូទម្រង់ ដូចជា៖           
                                                                        
                             ព្រះរាជាណាចក្រកម្ពុជា      
                        ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.................

លេខៈ..................

រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ ២០....

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 
                                                                            សូមគោរពជូន សម្តេច..................................

កម្មវត្ថុ៖ សំណើសុំគោលការណ៍តែងតាំងឋានន្តរស័ក្តិថ្នាក់.....ជូនលោក.......អត្តលេខ....ជា....។

យោង៖ ...................................................................................................................។

            សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ ឬ តាមកម្មវត្ថុខាងលើ ឬ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ក្រសួងមហាផ្ទៃ មានកិត្តិយស សូមគោរពរាយការណ៍ជូន សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ ដោយពិនិត្យទៅលើ សំណូមពរចាំបាច់នៃការងារ និង ពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាពបំពេញការងារកន្លងមករបស់នាយនគរបាលជាតិ ក្នុងការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថេរភាពសង្គមក្នុងបុព្វហេតុបំរើជាតិមាតុភូមិ។ ក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាតែងតាំងឋានន្តរស័ក្តិថ្នាក់....... ជូនលោក...... អត្តលេខ...... ជា..........។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់។

            សូមសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។                       

ហត្ថលេខា
                                                                 
                                                                  ត្រា

ឈ្មោះ
ដំបូន្មាន​ អប់រំ​
3 days ago
តើគេបែងចែកវប្បធម៌ជាប៉ុន្មានប្រភេទ?
○ គេបែងចែកវប្បធម៌ជា ៥ ប្រភេទ៖
• សិល្បកម្ម សំដៅលើភាសាវណ្ណកម្ម ល្ខោននាដកម្ម តន្ត្រីស្ថាបត្យកម្ម ការសម្តែងផ្សេងៗ។
• មនុស្សសាស្រ្ត សំដៅលើ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ ច្បាប់ការគ្រប់គ្រង ប្រវត្តិសាស្រ្ត សាសនា។
• ហត្ថកម្ម សំដៅលើការដេរប៉ាក់ ការឆ្លាក់ ការត្បាញ ការធ្វើគ្រឿងប្រាក់។
• កីឡា និង ការកំសាន្ត សំដៅលើការប្រដាល់សេរី គុណដំបង ល្បែងប្រជាប្រិយ។
• គេហកម្ម សំដៅលើការហូបចុក មារយាទក្នុងសង្គម ការតែងខ្លួន ការតុបតែងគេហដ្ឋាន ការថែទាំក្មេង។
​សាធារណៈ មតិ​
4 days ago
ដូចម្តេចដែលហៅថា “ច្បាប់សញ្ជាតិ”?
○ ដែលហៅថា “ច្បាប់សញ្ជាតិ” គឺជា ច្បាប់សម្រាប់កំណត់ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ប្រជាជននៅក្នុងប្រទេសមួយ។
ទស្សនៈ វិជ្ជា
4 days ago
តើមនុស្សដែលប្រកាន់សុចរិតធម៌ ទទួលបានផលប្រយោជន៍អ្វីខ្លះ?
○ មនុស្សដែលប្រកាន់សុចរិតធម៌ ទទួលបានផលប្រយោជន៍ ដូចជា៖
• មានសុភមង្គលក្នុងគ្រួសារ សហគមន៍ និង សង្គមមានស្ថិរភាព។
• គ្មានការតិះដៀលពីអ្នកដទៃ។
• គ្មានការគុំគួនពីសំណាក់អ្នកដទៃ។
• ទទួលបានសុចរិតធម៌ត្រលប់វិញ។
• រស់នៅមានសុវត្តិភាព សុភមង្គល ថ្លៃថ្នូរ និង មានការអភិវឌ្ឃ។
• មានអ្នកស្រលាញ់រាប់អានច្រើន...។
សេដ្ឋ កិច្ច
4 days ago
តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មាន? ចូររៀបរាប់។
○ ប្រព័ន្ធសេដ្ឋកិច្ចមានបី សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជារ ឬ សេដ្ឋកិច្ចផែនការ និង សេដ្ឋកិច្ចចម្រុះ។
🎯 សេដ្ឋកិច្ចទីផ្សារសេរី៖ កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និង នីតិបុគ្គល។ ដោយឡែក យន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារ ដែលតាងទ្រឹស្តីក្លាស្សិក ហៅថា ជា សេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ប្រព័ន្ធសេដ្ឋកិច្ចនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធាន គឺជា សេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ច ជាការពិតសេរីភាពនេះ អាស្រ័យទៅនឹងសេចក្តីត្រូវការ និង ការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច។ ពីព្រោះ មុននឹងផលិតរបស់អ្វីមួយ ភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករ ត្រូវសិក្សាសេចក្តីត្រូវការរបស់អតិថិជន ឬ អ្នកប្រើប្រាស់។ ករណីនេះ សកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ ការប្រើប្រាស់ទំនិញ និង សេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ប្រឹងប្រែងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងតាមរយៈការប្រកួតប្រជែង។

🎯 សេដ្ឋកិច្ចបញ្ជារ៖ រដ្ឋមានកម្មសិទ្ធិលើធនធាន និង កត្តាផលិតស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រង និង សម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថា ដំណើរផលិតកម្មស្ថិតនៅក្រោមការការពាររបស់រដ្ឋស្ទើរតែទាំងអស់។ ដំណោះស្រាយធំៗ ទាក់ទងទៅនឹងផលិតកម្ម ការគ្រប់គ្រង ការបែងចែកធនធានផ្សេងៗ ត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ។ សហគ្រាសជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះ សកម្មភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចទាំងក្នុងផលិតកម្ម ការបែងចែក ព្រមទាំងការផ្លាស់ប្តូរទំនិញ និង សេវាស្ថិតនៅក្រោមការត្រួតពិនិត្យ នឹងត្រូវអនុវត្តតាមផែនការរបស់រដ្ឋ។ និយាយរួម ផែនការផលិតកម្មរបស់សហគ្រាសនីមួយៗត្រូវចាត់ចែង ត្រួតពិនិត្យ និង អនុវត្តតាមផែនការរបស់រដ្ឋ ដែលមានក្រុមប្រឹក្សាផែនការជាតំណាង ហើយជាទូទៅ ផែនការទាំងនេះ ជា អ្នកកំណត់ចំពោះសហគ្រាសទីមួយៗ ពីបរិមាណគុណភាព បរិមាណគុណផល និង តើត្រូវផលិតអ្វី? ផលិតដូចម្តេច? សម្រាប់នរណា? ចំនួនប៉ុន្មាន? ក្នុងថ្លៃប៉ុន្មាន? ដូច្នេះ សមាមាត្របរិមាណផលិតកម្មរវាងទំនិញវិនិយោគ និង ទំនិញប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ត្រូវបានគ្រប់គ្រង និង កំណត់ដោយផែនការរដ្ឋ។

🎯 សេដ្ឋកិច្ចចម្រុះ៖ យន្តការរដ្ឋ និង យន្តការទីផ្សារមានតួនាទីសំខាន់ៗ ដូចគ្នា ក្នុងដំណោះស្រាយបញ្ហាថាផលិតអ្វី? ផលិតដូចម្តេច? ផលិតសម្រាប់នរណា? ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ច្រើនស្ថិតនៅចន្លោះ ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ឬ សេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជារ។ ឧទាហរណ៍ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ពីព្រោះថា នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាច្រើន ផ្នែកឯកជនដើរតួសំខាន់ ហើយសកម្មភាពមួយចំនួនទៀត ដំណើរការដោយរដ្ឋខ្លួនឯង តាមរយៈការអនុវត្តបទបញ្ញតិផ្សេងៗ ការយកពន្ធ និង ការឧបត្ថម្ភជាដើម ជាងនេះទៀត រដ្ឋមានតួនាទីសកម្មក្នុងការប្រើប្រាស់ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមាននៅក្នុងដៃសម្រាប់សម្របសម្រួលក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធ សម្រាប់រក្សារស្ថេរភាពនៃការផ្គត់ផ្គង់ និង ជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងផ្គត់ផ្គង់ទំនិញ និង សេវាសាធារណៈ ជាពិសេសទំនិញ និង សេវាដែលអវត្តមាននៅក្នុងទីផ្សារ។ តាមរយៈនេះ ការធ្វើអន្តរាគមន៍របស់រដ្ឋអាចកែសម្រួល និង បំពេញចន្លោះខ្វះខាតនូវយន្តការទីផ្សារ និង ដើម្បីផ្ទេរសកម្មភាពទាំងនេះ ឱ្យក្លាយជាសកម្មភាពមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ សេដ្ឋកិច្ចអតីតសហភាពសូវៀត និង បណ្តាប្រទេសនៅអឺរ៉ុបខាងកើត មានលក្ខណៈជាសេដ្ឋកិច្ចចម្រុះដែរ តែបែបសេដ្ឋកិច្ចផែនការ។ ក្នុងករណីនេះ ពិតមែនតែអ្វីៗ (ទាំងកម្មសិទ្ធធនធានសេដ្ឋកិច្ច ការរៀបចំផែនការ ការអនុវត្តន៍ និង ការត្រួតពិនិត្យ) ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង សេដ្ឋកិច្ចចម្រុះបែបបញ្ជារនេះ ជៀសមិនផុតពីការប្រើប្រាស់យន្តការទីផ្សារនោះទេ ពោល គឺ នៅតែមានសេសសល់កម្មសិទ្ធឯកជនលើធនធានសេដ្ឋកិច្ចមួយចំនួន។ បច្ចុប្បន្ន កូរ៉េខាងជើង និង ប្រទេសគុយបា អាចចាត់ថា ជា សេដ្ឋកិច្ចចម្រុះបែបបញ្ជារ។
ទីផ្សារ
5 days ago
អី្វទៅជាសមាសធាតុនៃផលិតផល? រួមផ្សំឡើងដោយអ្វីខ្លះ?
○ សមាសធាតុនៃផលិតផល គឺជា បង្តុំដ៏សំខាន់ក្នុងការបង្កើត​ និង ធ្វើឲ្យមានភាពប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាគោលដៅ។ សមាសធាតុនៃផលិតផលរួមផ្សំឡើងដោយ៖
· លក្ខលៈពិសេសនៃផលិតផល
· ​ការវេចខ្ចប
· ជម្រើសមុខងារផ្សេងៗ
· ការធានា
· សេវាផ្សារភ្ជាប់ជាមួយ
· ផ្លាកសញ្ញា
វប្បធម៌​ ទូទៅ
5 days ago
តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ?
○ វប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅ​ក្នុង​សង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌ និង អរិយធម៌មិនមែនគ្រាន់តែ​សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នោះទេ គឺ យើងអាចសិក្សាទៅលើអ្វីបានទាំងអស់ ដែលកើតមាននៅក្នុងសង្គម។
ប្រវត្តិ វិទ្យា
5 days ago
ហេតុអ្វីបានជាភាគី ដែលចូលរួមក្នុងសន្និសិទនេះ មិនមានសិទ្ធិស្មើភាពគ្នា?
○ ដោយសហភាពសូវៀត វាយរំដោះទឹកដីនៅអឺរ៉ុបបានធំជាងគេ។
សីល ធម៌
6 days ago
ច្បាប់មាសនៃជីវិតគឺជាអ្វី?
○ គឺជាសីលធម៌សកល ដែលជានាមសីលធម៌រួមដ៏សំខាន់បំផុតរបស់ប្រព័ន្ធជំនឿសាសនា និង ប្រព័ន្ធមិនមែនជំនឿសាសនាទាំងអស់នៅលើភពផែនដី។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាព ហៅថា​ ច្បាប់មាសនៃជីវិត។
គ្រូ មន្ត្រី​ រាជការ​
6 days ago
បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចម្ដេចខ្លះ?
○ បើ​ខ្ញុំ​ជាគ្រូបង្រៀនម្នាក់ ត្រូវ​មានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯង ដូចជា៖
• ត្រូវប្រកាន់ខ្ចាប់នូវសីលធម៌ក្នុងការប្រកបមុខវិជ្ជាជីវៈ រក្សាការសម្ងាត់ ដែលបានកំណត់ដោយច្បាប់ និង បទបញ្ញតិ្តនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា។
• រៀបចំកិច្ចការបង្រៀ​ណ ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និង ប្រសិទ្ធភាពនៃការបង្រៀន។
• គោរពេជីវិត កាយ ចិត្ត និង សេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ​។
• ស្ដាប់ ពនិត្យ ឱ្យដំ​បូន្មាន ឬ ធ្វើឱ្យអាណាព្យាបាល អ្នកសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន។
• ភ្ញាក់រលឹកក្នុងការសិក្សា ស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន។
• មានការស័្វយវាយតម្លៃទាំងសីលធម៌ អាកប្យកិរិយ និង លើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន។
• ចូលរួម និង គាំទ្រគ្រប់សកម្មភាពអប់រំ ទោះក្នុងរូបភាពណាក៏ដោយ។
• និយាយស្ដីដោយប្រុងប្រយ័ត្ន និង គិតដល់ប្រតិឃាត។
នីតិ សាស្ត្រ
6 days ago
តើក្នុងករណីណាខ្លះដែលរដ្ឋសភាមិនអាចរំលាយបាន?
○ ករណីដែលរដ្ឋសភា មិនអាចរំលាយបាន គឺ៖
• ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
• តាមសំណើសុំព្រះមហាក្សត្រក្នុងពេលមានសង្គ្រាមឬកាលៈទេសៈពិសេស បន្តបាន ១ ឆ្នាំម្តងៗ តាមមតិយល់ព្រមយ៉ាងតិច ២/៣ នៃសមាជិករដ្ឋសភាទាំងមូល។
• ក្នុងករណីពុំមានការស្នើសុំពីនាយករដ្ឋមន្ត្រី ឬ ពុំមានការយល់ព្រមពីប្រធានរដ្ឋសភា។
ក្រសួង​ ស្ថាប័ន
7 days ago
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
○ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ​ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ ជា បុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែ ផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះ ការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា​ វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។
✅ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមធម៌ក៏ដូចគ្នាដែរ។ ជាការពិត វប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមក ដូចកាយ និង ចិត្តនោះដែរ។
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
7 days ago
ដូចម្តេច​ដែល​ហៅថាឥណទានជំនួញ? មានអ្វីខ្លះ?
○ ឥណទានជំនួញ Business Credit ជាទំរង់ឥណទានចំណាស់បំផុត។ អ្នកផ្គត់ផ្គង់ អ្នកផលិត អ្នកលក់ និង រោងចក្រផលិតត្រូវការវត្ថុធាតុដើម និង សារពើភ័ណ្ឌ ដើម្បីនាំទៅសហគ្រាសរបស់ពួកគេ។

ក. ឥណទានទំនិញសំរាប់លក់ Merchandise Credit បានប្រើសំរាប់ទទួលទំនិញ វត្ថុធាតុដើម និង សារពើភ័ណ្ឌ ហើយលក់ជាថ្មី។ ជាទូទៅ ជំនួញនេះបានទទួលទំនិញហើយ និង យល់ព្រមសងយោងតាមលក្ខខ័ណ្ឌ នៃការលក់ដែលអ្នកលក់ផ្តល់ឲ្យនៅពេលណាមួយ។

ខ. ប្រតិបត្តិការមូលនិធិហិរញ្ញវត្ថុ Financial Capital of Operations ជាលុយដែលត្រូវការជាប្រចាំសំរាប់ផ្តើមដំណើរការថែទាំ និង ប្រតិបត្តិការជំនួញ។ គោលបំណងរបស់មូលនិធិ គឺ សំរាប់ប្រាក់ខែទីផ្សារ ថ្លៃដំណើរការជំនួញ និង ចំណាយផ្សេងៗ ដែលត្រូវចំណាយ។
ចំណេះដឹង ទូទៅ
7 days ago
តើផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍ វិស័យទេសចរណ៍ដែរឬទេ? ហេតុអ្វី?
○ ផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍បាន ដោយសារយន្តការ និង ចលនា ភូមិមួយ ផលិតផលមួយ ដែលធ្វើឱ្យអ្នកទេសចរចង់ឃើញ ចង់ស្គាល់នូវវិធីសាស្ត្រស្នាដៃ និង ផលិតផល។
អក្សរសាស្រ្ត ខ្មែរ
8 days ago
តើវប្បធម៌ខ្មែរដែលជាមរតកពីមុនមករហូតដល់បច្ចុប្បន្នមានអ្វីខ្លះ? តើខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសណាខ្លះ? ចូររៀបរាប់ និង លើ​កឧទាហរណ៍មកបញ្ជាក់ផង។
--- ចម្លើយ​​ ---
ក. វប្បធម៌ខ្មែរដែលជាមរតកពីមុន រហូតដល់បច្ចុប្បន្នមាន៖
· របបមាតាធិបតេយ្យ
· ជំនឿតាមម្ចាស់ស្រុក ព្រលឹងដូនតា មេបា បុព្វការីជន
· មានភាព (មានអត្តរបទ ឬ ផ្នត់ជែក)

ខ. ខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសមាន៖
⏰ ប្រទេសឥណ្ឌា សតវត្ស ទី ១ គ.ស
· ទស្សនៈរាជានិយម
· សាសនា (ព្រាហ្មញ្ញ ពុទ្ធសាសនា)
· ភាសាអក្សរសិល្ប៍
⏰ ប្រទេសចិន សតវត្ស ទី​ ៣
· ជំនួញជួញដូរគ្រប់ប្រភេទ
· ល្បាយជាតិសាសន៍
· សិល្បៈ (ល្ខោន)
· ប្រពៃណីទំនៀមទំលាប់
⏰ ចាម ជ្វា សតវត្ស ទី ៥
· ស្ថាបត្យកម្ម សំណង់ ចំលាក់ផ្សេងៗ
· ក្បាច់ចំលាក់នានា សិប្បកម្ម កាំបិត ពូថៅ
⏰ សៀម យួន សតវត្ស ទី ១៣
· ភាសា (បាញ់ហយ បាញ់ស៊ុង បាញ់ឆែវ...)
⏰ អឺរ៉ុប សតវត្ស ទី ១៦ នៃ គ.ស
· ពាក្យបច្ចេកទេស វិទ្យាសាស្ត្រ ដូចជា៖ កុំព្យូទ័រ អ៊ីនធឺណែត
· បច្ចេកទេសរដ្ធបាល
· ទំនៀមទំលាប់ (ចាប់ដៃ ងក់ក្បាល...)
· ភាសានិយាយ សរសេរ (ម៉ែត្រ រ៉ាឌីដ្យូ)
· របបនយោបាយ
· បច្ចេកទេសរដ្ធបាល...។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
8 days ago
តើក្រុមប្រឹក្សាសន្តិសុខមានមុខងារទទួលខុសត្រូវទៅលើអ្វីខ្លះ? សមាជិកប៉ុន្មានប្រទេស?
○ ក្រុមប្រឹក្សាសន្តិសុខ មានមុខងារទទួលខុសត្រូវជា បឋម គឺ សម្រា​ប់ថែរក្សាសន្តិភាព និង សន្តិសុខ អន្តរជាតិ។ ក្រុមប្រឹក្សាសន្តិភាព មានសមាជិកចំនួន ១៥ រូបក្នុងនោះរួមមាន៖ សមាជិកអចន្រ្តៃយ៍ចំនួន ៥ រូបដែលមាន ចិន បារាំង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។ ចំណែកឯសមាជិក ១០ រូបទៀតត្រូវបោះឆ្នោតជ្រើសរើសដោយមហាសន្និបាត ហើយមានអាណត្តិ ២ ឆ្នាំ។
ជីវៈ វិទ្យា
8 days ago
តើមជ្ឈមណ្ឌលប្រសាទមានអ្វីខ្លះ? តើបរិមណ្ឌលប្រសាទមានអ្វីខ្លះ?
○ មជ្ឈមណ្ឌលប្រសាទមានខួរក្បាល និង ខួរឆ្អឹងខ្នង។ បរិមណ្ឌលប្រសាទមាន សរសៃកោសិកាប្រសាទទាំងអស់ ដែលលាតសន្ធឹងនៅខាងក្រៅមជ្ឈមណ្ឌលប្រសាទ។
ផែនដី វិទ្យា
9 days ago
តើមានន័យដូចម្តេច បើគេឃើញតារានិករសិង្ហ តារានិករខ្យាដំរី និង តារានិករព្រានប្រមាញ់រៈនៅលើមេឃ?
○ បើគេឃើញតារានិករសិង្ហរៈនៅលើមេឃ នោះមានន័យថា រដូវដាំដុះនឹង​ចូលមកដល់។
​• បើតារានិករខ្យាដំរីរះនៅលើមេឃ បញ្ជាក់ថា វាគឺជា វស្សានរដូវ។
• បើតារានិករព្រានប្រមាញ់រះនៅលើមេឃ បញ្ជាក់​ថា វាគឺជា សិសិសររដូវ។
ចំណេះដឹង រដ្ឋបាល
9 days ago
តើលិខិតបញ្ជូនមានគំរូទម្រង់ដូចម្តេច?
○ លិខិតបញ្ជូនមានគំរូទម្រង់ដូចជា៖
                                                                              ព្រះរាជាណាចក្រកម្ពុជា                                       
ជាតិ សាសនា ព្រះមហាក្សត្រ

Logo 

សាកលវិទ្យាល័យ......

លេខៈ......................
រាជធានីភ្នំពេញ ថ្ងៃទី....ខែ.......ឆ្នាំ ២០....
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ.............

សូមគោរពជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

កម្មវត្ថុ៖ ការបញ្ជូន របាយការណ៍ ប្រចាំឆមាស ១​ នៃឆ្នាំសិក្សា ២០១៨-២០១៩។

យោង៖ លិខិតលេខ......​ចុះថ្ងៃទី...ខែ.....ឆ្នាំ ២០.... របស់ ក្រសួងអប់រំ យុវជន និង កីឡា​។

            តាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបឯកឧត្តមថា​ កន្លងមកក្រសួងអប់រំ យុវជន និង កីឡា បានស្នើសាកលវិទ្យាល័យ ផ្ញើរបាយការណ៍ប្រចាំឆមាសទី ១ នៃឆ្នាំសិក្សា ២០១៨-២០១៩​ ជូន ក្រសួងអបរំ យុវជន និង កីឡា។ ឥឡូវនេះ ខ្ញុំសូមផ្ញើរបាយការណ៍ជូនក្រសួងដូចខាងក្រោម៖

            ១- (ប្រាប់ឈ្មោះឯកសារ និង ចំនួនច្បាប់)

            ២- .................................................។

            អាស្រ័យហេតុនេះ សូម ឯកឧត្តម ជ្រាបដ៏ខ្ពង់ខ្ពស់។

            សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ។
                                                                                                                                                                   ហត្ថលេខា
                                                                                                                                                      ត្រា                                                                                                                                                                      ឈ្មោះ
ដំបូន្មាន​ អប់រំ​
10 days ago
តើពិធីចូលឆ្នាំប្រារព្ធធ្វើឡើងក្នុងគោលបំណងអ្វី?
○ ពិធីចូលឆ្នាំប្រារព្ធធ្វើឡើង ក្នុងគោលបំណង៖
• ដើម្បីឧទ្ទិសកុសលជូនដលវិញ្ញាណក្ខន្តបុព្វបុរសខ្លួន ដែលស្លាប់បាត់បង់ជីវិតទៅហើយ សូមឱ្យបានសេចក្តីសុខចម្រើន។
• ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរស ដែលកំពុងមានជីវិតរស់នៅ សូមឱ្យលោកបានសេខក្តីសុខ។ ម៉្យាងទៀត ជាឱកាសល្អបានធ្វើម្ហូបអាហា ដែលមានឱជារស់ឆ្ងាញ់ពិសា និង យកភស្តុភារជូន ព្រមទាំង ទឹកថ្លាត្រជាក់មកស្រោចស្រព ដុះលាង មាតាបិតា ជីដូនជីតា ជូនសំលៀកបំពាក់ សំពះថ្វាយបង្គំ​ ជូនលោកធ្វើឱ្យលោកមានចិត្តសប្បាយរីករាយ។
• ដើម្បីឧទ្ទិសកុសលជូនទេវតា ដែលជាអ្នកថែរក្សាមនុស្ស ទឹកដី ព្រៃព្រឹក្សា លតាវល្លិ៍ ទន្លេ ស្ទឹង បឹងបួរ សមុទ្រ រហូតដល់ទេវតាសណ្ឋិតនៅឋានត្រៃត្រឹង្សសួគ៌ ជាដើម។
• ដើម្បីសប្បាយរីករាយ ដែលខ្លួនបានឆ្លងផុតពីទុក្ខភ័យពីឆ្នាំចាស់ និង ឆ្លងចូលមកឆ្នាំថ្មី។
• ជាឱកាស​ល្អ ដើម្បីធ្វើឱ្យខ្លួនបានសុខស្ងប់ ប្រព្រឹត្តល្អ ប្រាសចាកការ​ប្រព្រឹត្តមិនល្អ និង ដើម្បីសុំសេចក្តីចម្រើន នាឆ្នាំថ្មី។
• ជាការអបអរសាទរ និង ត្រៀមខ្លួនធ្វើកសិកម្ម ដែលចូលមកដល់នាពេលខាងមុខ។
​សាធារណៈ មតិ​
10 days ago
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត?
○ កាតព្វកិច្ចត្រូវបំពេញ មានដូចជា៖
• បង្ហាញនូវសម្បទា មានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឬ សង្គមកិច្ច ឬ វិទ្យាសាស្រ្តបច្ចេកទេស ឬ វប្បធម៌សម្រាប់ប្រទេសកម្ពុជា។
• តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឬ មានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។
• មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួន បានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួន និង មានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
• មានលិខិតថ្កោលទោស ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន។
• ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខ ដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន។
ទស្សនៈ វិជ្ជា
11 days ago
តើសិទ្ធិ និង ទំនួលខុសត្រូវ មានទំនាក់ទំនងគ្នាដូចម្តេច?
○ សិទ្ធិ និង ករណីកិច្ច មានទំនាក់ទំនងគ្នា ដូចជា៖
• សិទ្ធិ និង ទំនួលខុសត្រូវ ជា ទិដ្ឋភាពពីរនៃតម្លៃ ដែលធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ពីព្រោះថា កាលណាគេមានការយល់ដឹង អំពីសិទ្ធិ គេពិតជាបានបែងចែកព្រំដែនសិទ្ធិរបស់គេ និង សិទ្ធិអ្នកដទៃ។ ហើយពេលនោះ យើងពិតជាមានទំនួលខុសត្រូវ លើផលវិបាកនៃអំពើដែលយើងបានប្រព្រឹត្ត ឬ ប៉ះពាលដល់សិទ្ធិអ្នកដទៃ។
• កាលណាយើងមានទំនូលខុសត្រូវ លើអំពើរបស់យើងហើយ មានន័យថា យើងគោរពសិទ្ធិអ្នកដទៃ និង យល់ដឹងច្បាស់អំពីសិទ្ធិ។
✅ ដូចនេះ មានសិទ្ធិត្រូវតែមានទំនួលខុសត្រូវ បើមានការទទួលខុសត្រូវ គឺ មានន័យថា សិទ្ធិត្រូវបានគោរព។
សេដ្ឋ កិច្ច
11 days ago
តើមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចខុសគ្នាដូចម្តេច?
○ រវាងមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ច ខុសគ្នា​ត្រង់​អថេរដែលត្រូវសិក្សា។
💥 មីក្រូសេដ្ឋកិច្ចសិក្សាថ្លៃដើមទាប ថ្លៃអង្ករ ធៀបនឹងថ្លៃទំនិញផ្សេងទៀត។
✨ ចំណែកម៉ាក្រូសេដ្ឋកិច្ច សិក្សាពីកិរិតថ្លៃមធ្យម ដែលគណនាដោយរាប់បញ្ចូលគ្រប់ទំនិញ និង សេវាប្រើទាំងអស់នៃភាពខុសគ្នាមួយទៀត គឺ ការសន្មតិ។
💥 ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គេឱ្យប្រាក់ចំណូលរបស់ខ្លួន ដើម្បីទិញទំនិញផ្សេងៗ។
✨ ចំណែ​កឯ ការសិក្សាម៉ាក្រូសេដ្ឋកិច្ចវិញ កម្រិតនៃប្រាក់ចំណូលសរុប ឬ ចំណាយ​ គឺ ស្ថិតនៅក្រោមអថេរសំខាន់ៗ ដែលត្រូវសិក្សា។ ក្រៅពីនេះ មីក្រូសេដ្ឋ និង ម៉ាក្រូសេដ្ឋកិច្ចសិក្សាអំពីទិដ្ឋភាពសេដ្ឋកិច្ចផ្សេងៗគ្នា។ ការសិក្សាអំពីទីផ្សារទំនិញ ឬ ទីផ្សារពលកម្មតែមួយប្រភេទ ជា ការសិក្សាក្នុងកម្រិតមីក្រូសេដ្ឋកិច្ច។