Logo
​សាធារណៈ មតិ​
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។
○ ពន្យល់ពីការផ្តន្ទាទោស ចំពោះជនបរទេសទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។
♤ ការផ្តន្ទាទោស ជាការដាក់ទោសបញ្ញាត្តិដល់ជនបរទេស ឬ ភ្នាក់ងារមានសមត្ថកិច្ច​ ឬ ជនទាំងឡាយណាដែលមិនបានអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ឬ ការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសដែលមិនគោរព និង អនុវត្តតាមច្បាប់នេះ។
💥 ទោសជាប់ពន្ធនាគារ ទោសជាប់ពន្ធនាគារមានដូចជា៖
• ជនបរទេសទាំងឡាយណាដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតដែលលបលាក់បន្លំ ឬ ដោយល្បិចផ្សេងៗ ដែលផ្ទុយនឹងច្បាប់ ត្រូវផ្តន្ទាទោសដាក់គុកពី ៣ ខែ ដល់ ៦ ខែ មុននឹងងត្រូវបណ្តេញពីព្រះរាជាណាចក្រកម្ពុជា។
• ត្រូវផ្តន្ទាទោសដូចគ្នា ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។
• មន្ត្រី ឬ ភ្នាក់ងារ រាជការមានសមត្ថកិច្ចរូបណាដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើស ត្រូវផ្តន្ទាទោសដាក់គុកពី ៦ ខែ ដល់មួយឆ្នាំ។
• ជនណាធ្វើការកោសលុប សរសេរត្រួត ក្លែង ឬ ឱ្យគេខ្លី ឬ មួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារកិច្ចសន្យា ឬ មួយក៏ប្រើប្រាស់ឯកសារទាំងនោះ ដែលមានឈ្មោះផ្សេងពីឈ្មោះខ្លួន ឬ ធ្វើបណ្តឹងក្លែងបន្លំ សុំឯកសារខាងលើ ត្រូវផ្តន្ទាទោសដាក់គុកពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។ អ្នកសមគំនិត ត្រូវផ្តន្ទាទោសដូចគ្នា។
💥 ទោសពិន័យជាប្រាក់ ទោសពិន័យជាប្រាក់មានដូចជា៖
+ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៥០,០០០ រៀល ដល់ ១,​០០០,០០០ រៀល ចំពោះជនអន្តោប្រវេសន៍ដែល៖
• មិនបានបង្ហាញខ្លួន និង ដាក់ពាក្យសុំស្នាក់នៅបន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជា។
• មិនបានសុំបញ្ជាក់លើប័ណ្ឌស្នាក់នៅ នៅពេលសមត្ថកិច្ចធ្វើការឆែកឆេរ ឬ មិនព្រមប្រគល់ប័ណ្ណនៅពេលដែលសមត្ថកិច្ច ធ្វើការដកហូតដោយសមត្ថកិច្ចពិនិត្យឃើញថា ជនអន្តោប្រវេសន៍នោះមិនគោរពតាមបទបញ្ញត្តិនៃច្បាប់អន្តោប្រវេសន៍។
• ការធ្វើដំណើរជិត ឬ ចូលក្នុងតំបន់ដែលសមត្ថកិច្ចហាមឃាត់។
• ប្រើប្រាស់ប័ណ្ណស្នាក់នៅហួសរយៈពេលកំណត់។
• មិនបានសុំការអនុញ្ញាតចេញ និង វិលមកវិញពីអាជ្ញាធរមានសមត្ថកិច្ចក្នុងរយៈពេលស្នាក់នៅ។
+ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី​ ១,​០០០,០០០ រៀល ដល់ ២,​០០០,០០០ រៀល។
+ ករណីមិនរាលចាល ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី​៣០ ០០០ រៀល ដល់ ៦០ ០០០រៀល។
+ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១០,​ ០០០ រៀល ដល់ ៣០,​០០០ រៀល ចំពោះម្ចាស់
ឬ អ្នកកាន់កាប់លំនៅឋានណា ដែលពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការស្នាក់នៅរបស់ជនបរទេសក្នុងលំនៅឋានរបស់ខ្លួន។
+ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ ២០០,០០០ រៀល ដល់ ៥០០,០០០ រៀល ចំពោះជនដែលទទួលជនបរទេសឱ្យធ្វើការ ហើយមិនគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់គុកពី ១ ខែ ដល់ ៣ ខែ។
💥 ទោសបណ្តេញចេញ
មាត្រាមួយចំនួនក្នុងច្បាប់អន្តោប្រវេសន៍ បានចែងពីការបណ្តេញចេញជនបរទេស ដែលមិនអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មានដូចជា៖
+ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសអន្តោប្រវេសន៍ណាដែលរំលោភ លើបញ្ញត្តិច្បាប់អន្តោប្រវេសន៍។
+ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសដែល៖
• មានអាកប្បកិរិយា និង សកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា។
• ក្រសួងមានសមត្ថកិច្ច មានភស្តុតាងជាក់លាក់ថា ជននោះជាអ្នកកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា។
• មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានប័ណ្ណការងារ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ​សាធារណៈ មតិ​, click on at the bottom under it