Logo
វប្បធម៌​ ទូទៅ
តើសង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹមបែបណាខ្លះ ដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀន និង សាស្រ្ដាចារ្យ?
○ ចំពោះគ្រូបង្រៀន និង សាស្រ្ដាចារ្យ សង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹម ដូចតទៅ៖
1. គ្រូបង្រៀន និង សាស្រ្ដាចារ្យ ក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់រដ្ឋធម្មនុញ្ញ (Constitution) និង គោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល។ គ្រូបង្រៀន និង​ សាស្រ្ដាចារ្យ មិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និង អប់រំសិស្ស ឬ ក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្មក្នុងការងាររបស់សាលារៀន។ ការងារក្នុងសាលារៀន ជាការងាររបស់ជាតិទាំងមូល។
2. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យ​ និង ធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀន អប់រំ និង បណ្ដុះបណ្ដាលគុណសម្បត្តិ សីលធម៌ល្អ និង កម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា។
3. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសមត្ថភាព មានបទពិសោធន៍ និង មានកម្រិតវប្បធម៌គ្រប់គ្រាន់​ដើម្បីបង្ហាត់បង្រៀន និង អប់រំសិស្ស និស្សិត​ សិក្ខាកាមទៅតាមវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន។
4. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវប្រកាន់គុណសម្បត្តិផ្ទាល់ខ្លួន និង អំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គម និង សិស្ស។
5. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានចំណេះដឹងដ៏រឹងមាំ តាមមុខវិជ្ជាឯកទេស​ ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត និង កម្រិតវប្បធម៌ដ៏ទូលំទូលាយ។
6. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ​ ខាងវ័យសិក្សា ខាងការបង្រៀន ខាងការអប់រំ និង គរុកោសល្យជាដើម។
7. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្រ្ដ និង បច្ចេកទេស ដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេស ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត ​ដោយក្ដាប់បានច្បាស់លាស់ពីវិធីសាស្រ្ដបង្រៀន និង ល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិត ងាយយល់ និង ងាយចងចាំ។
8. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្រ្ដ ព្រមទាំងស្រឡាញ់ និង យកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ។
🔆 ដូច្នេះ សេចក្ដីស្នេហារបស់គ្រូ និង សាស្រ្ដាចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកថា ជាលក្ខណៈដោយឡែករបស់អ្នកអប់រំ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិតទេ នោះគេពិបាកនឹងធ្វើឲ្យមុខរបររបស់គេ មានសុក្រឹតភាពណាស់។
9 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it