Logo
នីតិ សាស្ត្រ
ចូរពន្យល់អំពីការទទួលខុសត្រូវរបស់មេធាវី?
○ នៅក្នុងការប្រកបវិជ្ជាជីវៈរបស់មេធាវី ត្រូវទទួលខុសត្រូវ បើឃើញថា មេធាវីមានកំហុស។ ការទទួលខុសត្រូវរបស់មេធាវីមានដូចតទៅ៖
☆ ការទទួលខុសត្រូវចំពោះអតិថិជន មេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន អាចត្រូវទទួលខុសត្រូវចំពោះអតិថិជនពីរយ៉ាងគឺ៖
ក. ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី បើមេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈ អាចត្រូវទទួលខុសត្រូវសងការខូចខាតចំពោះអតិថិជន។ មេធាវីនោះ អាចត្រូវអតិថិជនប្តឹងទៅគណៈមេធាវី និង តុលាការដើម្បីទាមទារការខូចខាតដោយសារកំហុសរបស់មេធាវី។ ហេតុនេះហើយ បានជាតម្រូវឲ្យមេធាវីបង់ប្រាក់ធានារ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនក្នុងវិជ្ជាជីវៈ។ ដើម្បីឲ្យមេធាវីទទួលខុសត្រូវ ចំពោះការខូចខាតរបស់អតិថិជនបាន លុះត្រាតែអតិថិជនអាចបង្ហាញនូវធាតុបីសំខាន់ គឺ៖
- មានកំហុសរបស់មេធាវី (ដោយចេតនា ឬ អចេតនា) ធ្វើឲ្យអតិថិជនខូចផលប្រយោជន៍
- មានការខូចខាត ឬ ខូ​ចផលប្រយោជន៍ពិតប្រាកដ​
- ការខូចផលប្រយោជន៍របស់អតិថិជន កើតចេញពីកំហុសរបស់មេធាវី។
ខ. ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ មេធាវីប្រឈមមុខក្នុងការទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌក្នុងករណីដែលមេធាវីរំលោភលើការសម្ងាត់នៃវិជ្ជាជីវៈ។

☆ ការទទួលខុសត្រូវចំពោះសហភាព
- មេធាវីត្រូវបែងចែកកម្រៃសេវាជូនមេធាវីផ្សេងទៀតតាមកិច្ចព្រមព្រៀងសហការគ្នា។
- មេធាវីដើមត្រូវទទួលខុសត្រូវចំពោះមេធាវីដែលទទួលធ្វើ ជាអ្នកឆ្លើយឆ្លងនូវការចេញសោហ៊ុយ បរិលាភ និងកម្រៃធានាក្នុងលក្ខខណ្ឌដែលមានសំអាងពិតប្រាកដ ។

☆ ការទទួលខុសត្រូវចំពោះគណៈមេធាវី មេធាវីត្រូវទទួលទណ្ឌកម្ម ជាបទវិន័យចំពោះការរំលោភបំពានវិធានវិជ្ជាជីវៈនូវ​អំពើ ដូចខាងក្រោម៖
- មានចេតនាបំពានវិធានវិជ្ជាជីវៈ
- ជួយសហការផ្តល់មធ្យោបាយ ឬ សម្រួលដល់មេធាវីបរទេស ឬ បុគ្គលដទៃទៀតឲ្យរំលោភបំពានវិធានវិជ្ជាជីវៈ
- ប្រើប្រាស់ទំនាក់ទំនងជាមួយមេធាវីបរទេស ឬ បុគ្គលដទៃទៀតដើម្បីរំលោភបំពានវិធានវិជ្ជាជីវៈ។
- ចូលរួមបង្កើត និង សហការជាមួយនឹងរូបវន្តបុគ្គល ឬនីតិបុគ្គល ឬ មេធាវីបរទេសដែលមិនមែនជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកការិយាល័យមេធាវី  ឬ ក្រុមហ៊ុនមេធាវី ឬ ប្រកបវិជ្ជាជីវៈមេធាវីយកកម្រៃ។
- ការមិនបង់ភាគទានជូនគណៈមេធាវី។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it