Logo
ដំបូន្មាន​ អប់រំ​
តើក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកកម្មចម្បងៗអ្វីខ្លះ? ចូររៀបរាប់។
○ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកកម្មចម្បងៗ ដូចខាងក្រោម៖
• ពង្រឹង និង ជំរុញការអនុវត្តច្បាប់បទប្បញ្ញត្តិ និង អនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និង រក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
• ពង្រឹងសុខភាព និង សុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និង លើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។
• ពង្រឹងការអភិវឌ្ឍ និង ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍកម្ពុជា ស្តង់ដាជាតិសមត្ថភាព កម្មវិធី និង ឯកសារសិក្សាផ្អែកលើសមត្ថភាព និង ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពឱ្យបានទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពខ្ពស់ និង មានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និង អន្តរជាតិ។
• ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ឲ្យស្របទៅតាមការវិវត្តនៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និង សហគមន៍​​។
• ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ ដោយយកចិត្តទុកដាក់ជាពិសេសដល់ស្ត្រីភេទ ជនពិការ ជនបាត់បង់ឱកាស ជនមានឱកាសតិចតួចក្នុងសង្គម និង សិស្សានុសិស្សទីទាល់ក្រ និង យុវជនបោះបង់ចោលការសិក្សា។
• ផ្តល់សេវាការងារជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ដូចជាការផ្គូរផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើ និង កន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ។
• ប្រមូលវិភាគ និង ចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យដល់អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និយោជក និង សាធារណជនទូទៅ។
• អភិវឌ្ឍគោលនយោបាយ និង បទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបានការងារ និង បង្កើតការងារទាំងក្នុង និង ក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។
• ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង ទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា នៅពេលជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬ ពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជា ជំងឺ និង មាតុភាពជាដើម។
• ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភ៌ពការងារ និង ផ្តល់សេវាជូនប្រជាពលរដ្ឋ។
• ជំរុញ និង លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន (Public-Private Partnership) ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
• ពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ។
• លើកកម្ពស់សមធម៌យេនឌ័រ និង កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it