Logo
សេដ្ឋ កិច្ច
ហេតុអ្វីមូលធននិយមជារបបសេដ្ឋកិច្ចដែលល្អជាងគេ?
○ មូលធននិយម សំដៅទៅដល់សិទ្ធិសេដ្ឋកិច្ចក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដោយមិនមានការហាមឃាត់ ឬ លូកដៃពីរដ្ឋាភិបាលឡើយ ដ៏រាបណាសកម្មភាពនោះមិនខុសច្បាប់ ឬ ផ្ទុយពីសីលធម៌សង្គម។ រីឯកុំមុយនីស្ត និង សង្គមនិយមសំដៅទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយមនុស្សត្រូវតែធ្វើតាមជាដាច់ខាត មិនថាគំនិតនោះល្អ ឬ អាក្រក់ទេ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏យើងគ្មានសិទ្ធិក្នុងការកាន់កាប់ដែរ។ ការរីកចម្រើនរបស់ពិភពលោកយើងរហូតដល់សព្វថ្ងៃនេះ អាចកើតឡើងបាន ដោយសារតែការអនុវត្តរបបមូលធននិយមរបស់ប្រទេសជាច្រើននៅលើពិភពលោក។ ផ្ទុយទៅវិញរបបកុំមុយនីស្ត និង សង្គមនិយម បានធ្វើឲ្យប្រទេសជាច្រើនរងទុក្ខវេទនា និង ស្លាប់អស់មនុស្សជាង ១០០ លាននាក់ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ កាលពីទសវត្ស ១៩៧០។ សេដ្ឋកិច្ចមូលធននិយម ពិតជាបានជួយដល់មនុស្សគ្រប់គ្នាមែន មិនថាអ្នកមាន ឬ អ្នកក្រ ហើយសម្រាប់អ្នករកស៊ីកាន់តែចូលចិត្តសេដ្ឋកិច្ចប្រភេទនេះ ព្រោះវាផ្ដល់ផលទៅឲ្យអ្នកដែលខំប្រឹងប្រែងខ្លាំងជាងគេ។ ខាងក្រោមនេះ គឺជា ហេតុផលមួយចំនួនដែលគាំទ្រសេដ្ឋកិច្ចបែបមូលធននិយម៖
• សេរីភាព៖ ចំណុចសំខាន់បំផុតរបស់សេរីភាព គឺ ការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមូលធននិយមផ្ដល់មនុស្សនូវសេរីភាពនេះ ក្នុងការចូលរួមក្នុងទីផ្សារលក់ ឬ ទិញទៅតាមការចង់បានរបស់ខ្លួន។ នៅក្នុងរបបកុំមុយនីស្តការសម្រេចចិត្តគ្រប់បែបយ៉ាងធ្វើដោយរដ្ឋាភិបាល ដូចជា តើមនុស្សគ្រប់គ្នាត្រូវស្លៀកពាក់បែបណា រស់នៅផ្ទះដូចម្ដេច ឬ បរិភោគប៉ុណ្ណា ត្រូវមានកូនប៉ុន្មានអ្នក…?

• ធ្វើឲ្យមានការសហការគ្នា៖ ឧទាហរណ៍ថា អ្នកចង់ជួលសិស្សដែលទំនេរនៅក្រៅម៉ោងសិក្សា មកជួយធ្វើការក្នុងហាងរបស់អ្នក។ ដោយសារតែគាត់ជាសិស្ស និង មិនមានបទពិសោធន៍ក្នុងការងារ អ្នកក៏សាកសួរគាត់ថា ប្រសិនបើធ្វើការឲ្យអ្នក គាត់នឹងបានប្រាក់ម៉ោងតិចជាងអ្នកមានបទពិសោធន៍។ នៅពេលនិយាយគ្នារួច អ្នកទាំងពីរក៏ឯកភាពគ្នា ហើយពេញចិត្តនឹងការសម្រេចចិត្តរៀងៗខ្លួន។ ចំណែកឯនៅក្នុងសេដ្ឋកិច្ចដែលធ្វើការសម្រេចចិត្តដោយរដ្ឋាភិបាល ដូចជា កុំមុយនីស្ត ឬ សង្គមនិយម ពួកគេជាអ្នកកំណត់តម្លៃម៉ោងធ្វើការស្មើៗគ្នា ដោយមិនគិតពីសមត្ថភាព ឬ បទពិសោធន៍របស់បុគ្គលម្នាក់ៗឡើយ និយាយរួម គឺ គេចង់បានសមភាពសូម្បីតែការហៅគ្នាក៏ត្រូវប្រើពាក្យសមមិត្តដែរ មិនមានអ្នកណាធំតូចឡើយ។ ដោយសារតែហេតុនេះហើយ អ្នក និង សិស្សម្នាក់នោះមិនទទួលបានផលចំណេញទាំងអស់គ្នា ព្រោះអ្នកមិនចង់ជួលគាត់ក្នុងតម្លៃលើសពីសមត្ថភាព រីឯគាត់ក៏មិនបានទទួលប្រាក់បន្ថែម និង បទពិសោធន៍ក្នុងការងារ។ ចុងបញ្ចប់អ្នកទាំងពីរ គឺ សុទ្ធតែជាអ្នកខាត។

• សុទិដ្ឋិនិយម៖ របបមូលធននិយមផ្ដោតលើឱកាស ឬ គំនិត ដើម្បីផលិតនូវអ្វីដែលថ្មី អាចផ្ដល់ជាប្រយោន៍ដល់មនុស្សជាតិបាន។ ផ្ទុយទៅវិញ នៅក្នុងការឃោសនារបស់ពួកកុំមុយនីស្ត គឺ ផ្ដោតែលើចំណុចអវិជ្ជមាន ឬ ភាពខ្វះខាតធនធានរបស់ពិភពលោក ឲ្យទៅអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចជា កាលពីដើមពួកគេតែងតែទាយទុកថា នាពេលអនាគតមនុស្សនឹងជួបភាពអត់ឃ្លាន ខ្វះខាតស្បៀងជាដើម (ហើយវិធីដោះស្រាយរបស់គេ គឺ បំបាត់ចោលមនុស្ស ឬ កំណត់ចំនួនមនុស្សដែលត្រូវកើត) ផ្ទុយទៅវិញ ការរីកចម្រើនខាងវិស័យកសិកម្មទូទាំងពិភពលោក បានធ្វើឲ្យកសិករដាំដំណាំច្រើនជាង ដោយប្រើដីតិចជាងមុន ហើយអាចផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកបាន។ នេះក៏ដោយសារការផ្ដល់សិទ្ធិ​ សេរីភាពដល់មនុស្សក្នុងកាសម្រេចចិត្តធ្វើអ្វីដែលខ្លួនចេះ និង បញ្ចេញនូវគំនិតរបស់ខ្លួន យកមកបម្រើដល់សង្គមវិញ។

• ជឿជាក់លើមនុស្សម្នាក់ៗ៖ មូលធននិយមជឿជាក់ថា មនុស្សទូទៅអាចសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនឯង ដោយមិនចាំបាច់មានការលូកដៃពីរដ្ឋាភិបាលឡើយ។ ចំណែកឯកុំមុយនីស្ត ឬ សង្គមនិយម ពួកគេគិតថា មានតែរដ្ឋាភិបាលទេទើបអាចសម្រេចចិត្តត្រូវ ដោយមិនបានគិតថារបស់មួយប្រភេទមិនអាចបម្រើតម្រូវការមនុស្សផ្សេងៗគ្នាឡើយ។

• លើកតម្កើងអ្នកដែលមានគំនិតល្អៗ៖ នៅក្នុងប្រព័ន្ធមូលធននិយម គេចូលចិត្តលើកតម្កើង និង ផ្ដល់ផលតបស្នងវិញដល់អ្នកដែលបានបង្កើតអ្វីថ្មី ឬ មានគំនិតល្អណាមួយដែលអាចជួយដោះស្រាយដល់ការរស់នៅរបស់មនុស្សបាន។ ដោយសារហេតុនេះហើយ ទើបយើងឃើញថា នៅក្នុងប្រទេសសេរី ដូចជា អាមេរិចជាដើម អ្នកដែលបង្កើតបាននូវអ្វីដែលមានប្រយោជន៍នឹងក្លាយទៅជាអ្នកមាន ហើយបានជំរុញឲ្យមនុស្សជាច្រើនខិតខំស្វែងរកនូវរបស់ថ្មី ព្រោះគេដឹងថា បើខ្លួនអាចធ្វើអោយគំនិតនោះដំណើរការ គេប្រាកដជានឹងទទួលបានផលតបស្នងវិញមិនខាន។ រីឯកុំមុយនីស្ត ឬ សង្គមនិយម ពួកគេចូលចិត្តសមភាពជាង មិនថាអ្នកចេះ ពូកែ ឬ ប្រឹងធ្វើការប៉ុណ្ណាទេ អ្នកនៅតែទទួលបានលទ្ធផលស្មើរគ្នាដូចនឹងគេឯងដែរ។ ដោយសារហេតុផលនេះហើយ ទើបយើងឃើញថាប្រទេសដែលកាន់របបកុំមុយនីស្តមុន ឬ ក្រោយគង់តែដួលរលំដោយឯកឯង ឬ ដោយសារតែការបដិវត្តន៍របស់ប្រជាជនខ្លួន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it