Logo
សេដ្ឋ កិច្ច
តើកម្ពុជាមានវិស័យណាខ្លះដែលជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន?
​​○ វិស័យដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន មានដូចជា៖
• វិស័យកសិកម្ម៖ ប្រទេស​កម្ពុជា ជា ប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជា កសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីវជាតិ ស​ម្បូរប្រភពទឹកសម្រាប់ស្រោចស្រព​ និង អាកាសធាតុក្តៅ ហើយសើម ដែលអំណោយផលដល់ការបង្ករបង្កើនផលស្ទើគ្រប់ប្រភេទ​។ ម៉្យាងវិញទៀត កម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និង មានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ។ ដំណាំដែលមានភាពល្បីល្បាញ និង ធ្វើការនាំចេញទៅបរទេស មានដូចជា ស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម។ វិស័យមួយនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកិច្ចជនបទ។

• វិស័យទេសចរណ៍៖ ប្រទេសកម្ពុជា សម្បូរទៅដោយរម​ណីដ្ឋានទេសចរណ៍ គួរជាទីទាក់ទាញភ្ញៀទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើន ដូចជា រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និង ទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស។ កំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជ​ន អង្គការនានា និង អ្នកពាក់ព័ន្ធផ្សេងៗទៀត។ ដោយសារកត្តាខាងលើនេះហើយ នាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើន ដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសសើរ ទំនាក់ទំនង់ជាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ល។

• វិស័យកាត់ដេរ និង វាយនភ័ណ្ឌ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជា​យើងងាកមកអនុវត្តសេដ្ឋកិច្ចតាមបែបទីផ្សារសេរីរួចមក ​​​មានវិនិយោគទុនបរទេសជាច្រើនបានសម្លឹងមើលឃើញពីសក្កានុពល និង ភាពអំណោយផល​របស់កម្ពុជា។ វិស័យកាត់ដេរ មានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាម លក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តា​ប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម។ វិស័យទាំងនេះ បានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ ហើយក្នុងនោះភាគច្រើនជាស្រ្តីដែលមកពីជនបទ។ មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើងឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង មានការរីកចម្រើនមួយផ្នែកធំផងដែរ។

• វិស័យសំណង់៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ច  កម្ពុជាដែលគ្របដណ្តប់ ២៧% នៃវិស័យឧហ្សាហ៍កម្ម និង ៣៣% នៃការវិនិ  យោគក្នុងវិស័យឧស្សាហ៍កម្ម។ ក្នុងអំឡុងពេលឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨​ សកម្មភាពសាងសង់បានកើកឡើងក្នុងអត្រាកំណើនជាប្រចាំមធម្យ ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប ១.៨ ពាន់លានដុល្លារអាមេរិក។ ​រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអាគារ​ខ្ពស់ៗ​ បុរីទំនើបៗ ផ្សារទំនើបៗ​ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មាន​ការកសាងយ៉ាងផុសផុល ដែលវាបានចូលរួ​មចំណែកដ៏សំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it