Logo
ដំបូន្មាន​ អប់រំ​
ក្នុងឱកាសដែលរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំបង្កើតឱកាសការងារដល់យុវជន តើយុវជនត្រូវមានកាតព្វកិច្ចអ្វីខ្លះដើម្បីអភិវឌ្ឍន៍ខ្លួនឯង?
○ ដើម្បីសម្រេចឱ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និង បណ្តុះបណ្តាល​ វិជ្ជាជីវៈ បានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និង ជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ។ ក្នុងនោះត្រូវ៖

• ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា ស្តង់ដាជាតិ សមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ៣ វិស័យ គឺ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ច និង បច្ចេកវិទ្យាគមនាគន៍ព័ត៌មានវិទ្យាចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និង កម្រិតប្រហាក់ប្រហែលគ្នា។

• ពង្រឹងគុណភាពនៃការផ្តល់សេវាព័ត៌មាន ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង ព័ត៌មានទីផ្សារការងារ។

• ជំរុញ និង លើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទាំងអស់ ឲ្យមានសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ឬ សាកលវិទ្យាល័យនៅបរទេសនានា ពិសេស ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេស ដើម្បីពង្រីកការវិនិយោគ និង ទីផ្សារការងារ។

• ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ដែលសកលលោក រួមទាំង ឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវុឌ្ឍយោងអាស៊ាន។

• យុវជនគួរគប្បីសិក្សាស្វែងយល់ពីសង្គម វប្បធម៌ ភាសា ច្បាប់ និង បែបបទបំពេញការងារ នៅតាមបណ្តាប្រទេសជាសមាជិក ឬ ប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ ជាពិសេសបង្កើនចំណេះដឹងផ្នែកភាសាបរទេស (អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សា ការទំនាក់ទំនង និង ការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេស នឹងក្លាយជាភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមអាស៊ានតាមដាន និង ស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬ កម្មសិក្សា) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និង ការងារ) និង ក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការ ឬ ការវិវត្តរបស់ទីផ្សារការងារ ក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ។

• បង្កើនសមត្ថភាពស្រាវជ្រាវ និង អំណានឱ្យបានច្រើនជាអតិបរមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាមុខវិជ្ជាពាក់ព័ន្ធដទៃទៀត។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network) ក្នុងបំណងពង្រីក និង ចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ ឬ របកគំហើញថ្មីៗ។ បន្ថែមលើនេះ អាស៊ាន បានរៀបចំនូវកម្មវិធីប្រកួតប្រជែងជំនាញ (ASEAN​ Skills Competition) តាមរយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗ លើជំនាញបច្ចេកទេស និង ជំនាញផ្សេងទៀត ក្នុងចំណោមនិស្សិតនៃប្រទេសជាសមាជិក។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឱ្យបាន ដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឈដ្ឋានអប់រំ និង និយោជកតាំងពីមុនពេលបំពេញការងារ។

• គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស វិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ដូចជា ផ្នែកអគ្គិសនី អេឡិកត្រូនិក សំណង់ យន្តសាស្រ្ត វិស្វកម្ម កសិឧស្សាហកម្ម និង វិទ្យាសាស្ត្រពិត។ល។

• ចូលរួមពិព័រណ៍ការងារ ឬ វេទិកាការងារ ដើម្បីទទួលព័ត៌មានទូលំទូលាយពីឱកាសការងារ ការបំប៉នជំនាញបន្ថែម និង ការត្រៀមខ្លួនចូលទីផ្សារការងារ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ ជាមួយនិយោជកក្រុមហ៊ុន សហគ្រាស និង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។ យុវជនអាចចូលរួមកម្មវិធីនេះ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ខេត្ត និង ចល័ត ឬ តាមសាកលវិទ្យាល័យនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ។

• ចូលរួមសកម្មភាពស្ម័គ្រចិត្ត ឬ កិច្ចការសង្គមជាមួយសមាគមយុវជន (ឧទាហរណ៍៖ សហភាពសហព័ន្ធយុវជនកម្ពុជា UYFC) ដើម្បីទទួលបានបទពិសោធន៍ការងារ ការចូលរួមកសាង និង រំលេចពីតួនាទីដ៏សំខាន់យុវជនក្នុងសង្គម បង្កើនតម្លៃរបស់យុវជនខ្លួនឯង ក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និង ចែកចាយព័ត៌មានគ្រប់ប្រភេទយ៉ាងទូលំទូលាយ។ ឧទាហរណ៍៖ ឱកាសការងារ ព័ត៌មានពីការអប់រំ ឬ អាហារូបករណ៍...។

• គួរមានផែនការអាជីពឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ព្រមទាំងគួរចាប់យកជំនាញទន់ ដូចជា ការទំនាក់ទំនង ការធ្វើការងារជាក្រុមមនសិការ ការងារជំនាញភាសារបរទេស និងកុំព្យូទ័រ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it