Logo
ដំបូន្មាន​ អប់រំ​
តើអ្វីខ្លះជា​ភាព​រាំងស្ទះដល់ទីផ្សារការងាររបស់យុវជន? (ចំណេះដឹង ជំនាញ ការផ្សព្វផ្សាយព័ត៌មាន តម្លៃពលកម្ម...) តើត្រូវដោះស្រាយដោយរបៀបណា? ដើម្បីដោះស្រាយនូវបញ្ហានេះក្រសួងការងារ និង​ បណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការអ្វីខ្លះ?
○ មានកត្តាជាច្រើន ដែលរាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមានទាំងកត្តាយុវជនខ្លួនឯងផងដែរ។ កត្តាទាំងនោះរួមមាន៖
• តម្រូវការទីផ្សារការងារ
- គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ភាគច្រើន គឺ នៅក្នុងវិស័យឧស្សាហកម្ម និង សេវាកម្ម ត្រូវការកម្លាំងពលកម្មជំនាញជិត ៨ សែនកន្លែង។
- ឱកាសការងារមាននៅតាមរាជធានីភ្នំពេញ និង តំបន់ប៉ូលសេដ្ឋកិច្ចមួយចំនួន​ ដែលមានកម្លាំងពលកម្មមិនគ្រប់គ្រាន់។
- ហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារ និង បរិយាកាសនៅតំបន់ជុំវិញ មិនទាន់មានភាពទាក់ទាញពលករ ជាពិសេស ក្នុងវិស័យកសិកម្ម-ឧស្សាហកម្ម។
- ការងារក្នុងវិស័យរៀបរយ បានពង្រីកយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងចំនួនកម្លាំងពលកម្មថ្មី ដែលត្រូវចូលទីផ្សារការងារ និង ចំនួនអ្នកដែលចាកចេញពីវិស័យកសិកម្ម។
• ការផ្គត់ផ្គង់កម្លាំងពលកម្ម
- ជាង ៦៦ ភាគរយ នៃប្រជាពលរដ្ឋអាយុ ២០-២៤ ឆ្នាំ និង ៧៧ ភាគរយ នៃប្រជាពលរដ្ឋអាយុចាប់ពី ២៥ ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ ២០១៣ របស់ក្រសួងផែនការ) ដែលសូចនាករនេះបង្ហាញថា យើងនៅមានកម្រិតគ្មានជំនាញ ឬ ជំនាញទាបរបស់កម្លាំងពលកម្មកម្ពុជា និង ផលិតភាពការងារ ។
- ជិត ៦០ ភាគរយ នៃនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ (ចាប់ពីបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រង និង វិទ្យាសាស្រ្តសង្គម (ទិន្នន័យអង្កេតចន្លោះជំរឿន ឆ្នាំ ២០១៣ របស់ក្រសួងផែនការ) ដែលទីផ្សារការងារនៅផ្នែកនេះ មានចំនួនតិច។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកវិទ្យាសាស្រ្តសង្គម មានអត្រាខ្ពស់ជាងតម្រូវការនៃទីផ្សារការងារ ដែលនាំឱ្យអត្រាស្រូបចូលក្នុងទីផ្សារនៃជំនាញផ្នែកនេះទាប។
- គុណភាព និង កម្មវិធីនៃការអប់រំ និង បណ្តុះបណ្តាលមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការនៃទីផ្សារការងារ។
- តាមការអង្កេតរបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារឆ្នាំ ២០១៣ ជាមួយនិយោជកបង្ហាញថា អ្នកស្វែងរកការងារធ្វើ គឺ នៅខ្វះជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កំព្យូទ័រ ការងារជាក្រុមឥរិយាបទការងារ និង ទឹកចិត្តក្នុងការងារ។ល។
☆ ដើម្បីដោះស្រាយនូវបញ្ហាខាងលើក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការបន្ថែម ដូចខាងក្រោម៖
- ពង្រីក ប្រមូល វិភាគព័ត៌មាន និង ព្យាករណ៍ព័ត៌មានទីផ្សារការងារ រួមទាំង តម្រូវការជំនាញទាំងនៅក្នុងប្រទេស និង អាស៊ាន ដើម្បីជាធាតុចូលសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល រៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាលស្របតាមទីផ្សារការងារ។
- ពង្រីកសេវាផ្តល់ការណែនាំ ប្រឹក្សាយោបល់ និង មគ្គទេសក៍អាជីព ជំនាញ ដើម្បីជួយឱ្យយុវជនជ្រើសរើសជំនាញសិក្សា និង រៀបចំផែនការអាជីពឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារទាំងក្នុងនិង ក្រៅប្រទេស និង បច្ចុប្បន្ន និង ទៅអនាគត ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសហគ្រិនភាព។
- បន្តលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និង ស្ថាប័នទីផ្សារការងារ ដូចជា ការបញ្ចប់ការកសាងច្បាប់ស្តីពីសហជីព ការកំណត់យន្តការកំណត់ និង ដំឡើងប្រាក់ឈ្នួលអប្បបរមាតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ គណៈកម្មាធិការប្រឹក្សាការងារ ព្រមទាំងយន្តការទប់ស្កាត់ ដោះស្រាយវិវាទដោយ​សន្តិវិធី រួមមានគណៈកម្មាធិការដោះស្រាយ និង ទប់ស្កាត់បាតុកម្ម កុបកម្មគ្រប់មុខសញ្ញា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និង តុលាការការងារ។
- បន្តខិតខំចរចារបើកទីផ្សារកាងារក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អបន្ថែមទៀត សម្រាប់ពលករកម្ពុជា​។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ដំបូន្មាន​ អប់រំ​, click on at the bottom under it