Logo
នីតិ សាស្ត្រ
តើចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានអ្វីខ្លះ?
○ ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើស​ មានដូចជា​៖
• បទល្មើសធម្មតា៖ ជា បទល្មើសដែលត្រូវបានសម្រេចឡើង ដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ។ ឧទាហរណ៍៖ មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ អំពើលួច គឺជា អំពើដកហូតដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ហេតុដូចនេះ អំពើជាសត្យានុម័តដែលជាធាតុផ្សំនៃអំពើលួចមានតែមួយគត់ គឺជា ការដកហូតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ។
• បទល្មើសស្មុគស្មាញ៖ ជា បទល្មើសដែលបានសម្រេចឡើង ដោយមានអំពើសត្យានុម័តច្រើនគួបផ្សំគ្នា។ បទល្មើសស្មុគស្មាញ គឺជា បទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែ គឺជា បទល្មើសដែលកើតឡើងភ្លាមៗ។ នៅពេលដែលអំពើជាធាតុផ្សំចុងក្រោយនៃបទល្មើសបានកើតឡើង។ ឧទាហរណ៍៖ មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ អំពើឆបោក គឺជា អំពើបន្លំចំពោះរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះ បានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់រូបវន្តបុគ្គលនេះ ឬ របស់តតិយជននូវ៖
- ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ
- ការផ្គត់ផ្គង់សេវា
- ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬ ជាការឱ្យរួចពីកាតព្វកិច្ច​។
☆ យោងតាមបទបញ្ញតិខាងលើ ធាតុផ្សំសត្យានុម័តនៃបទឆបោក មាន៖
- ទីមួយ៖ កលល្បិចរបស់ចារី (តាមរយៈការប្រើឈ្មោះក្លែង ការអះអាងទៅលើឋានៈក្លែង ការរំលោភលើឋានៈពិតប្រាកដ ឬ ការប្រើឧបាយកលទុច្ចរិត)។
- ទីពីរ៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា ឬ ក៏ការធ្វើលិខិតដែលមានតម្លៃ ជា កាតព្វកិច្ច ឬ ជា ការឱ្យរួចពីកាតព្វកិច្ច។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it