Logo
នីតិ សាស្ត្រ
តើចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានអ្វីខ្លះ?
○ ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើស មានដូចជា៖
• បទល្មើសភ្លាមៗ៖ នៅពេលដែលបទល្មើសអាចសម្រេចបាន ក្នុងពេលតែមួយភ្លែត បានន័យថា បទល្មើសដែលកើតឡើងក្នុងពេលតែមួយ ជាមួយនឹងអំពើប្រព្រឹត្ត គឺ បទល្មើសនោះត្រូវចាត់ទុកថាជាបទល្មើសភ្លាមៗ។ និយាយម៉្យាងទៀតថា ការសម្រេច (ការប្រមូលផ្តុំនូវធាតុផ្សំទាំងអស់នៃបទល្មើស) នូវបទល្មើសភ្លាមៗ បានកើតឡើងភ្លាម ហើយក៏បញ្ចប់ទៅវិញភ្លាមៗដែរ។ ឧទាហរណ៍៖ បទដេញថ្លៃមិនត្រឹមត្រូវ បទឃាតកម្ម បទលួច បទហិង្សាដោយចេតនា។

• បទល្មើសបន្តរៀងហូរហែ៖ ជាបទល្មើសដែលអំពើជាសម្ភារៈ ប្រព្រឹត្តឡើងបន្តគ្នាជាហូរហែ និង ដោយស៊ីសង្វាក់គ្នានៅក្នុងពេលវេលា។ និយាយម៉្យាងទៀតថា ផ្ទុយពីបទល្មើសភ្លាមៗ បទល្មើសបន្តរៀងហូរហែ គឺជា បទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់គ្នាក្នុងរយៈពេលមួយ ដែលបានបង្ហាញឱ្យឃើញពីចេតនាទុច្ចរិតដែលស្ថិតនៅជាដរាប។ ឧទាហរណ៍៖ បទទទួលផលចោរកម្មត្រូវបានបង្កើតឡើង ចាប់ពីពេលដែលបុគ្គលម្នាក់ទទួលទិញវត្ថុណាមួយ ដោយដឹងជាក់ច្បាស់ថា វត្ថុនោះបានមកដោយសារតែការប្រព្រឹត្តបទល្មើស (ដូចជា អំពើលួចជាដើម)។ ដរាបណា ជនទទួលផលចោរកម្មបន្តកាន់កាប់វត្ថុទិញនោះ បទល្មើសត្រូវបានចាត់ទុកថា នៅតែបន្តប្រព្រឹត្តតទៅទៀត ពុំទាន់បានចប់សព្វគ្រប់នៅឡើយ។ បទទទួលផលចោរកម្ម ត្រូវបានបញ្ចប់នៅពេលណា ដែលជនទទួលផលចោរកម្ម យកវត្ថុលើ្មសចេញពីរូបខ្លួន ដោយលក់ចេញទៅឱ្យតតិយជនជាដើម។ ឧទាហរណ៍៖ បទថតពាក្យសំដីឯកជន គឺជា បទល្មើសបន្តរៀងហូរហែ ពីព្រោះថា ការថតពាក្យសំដីរបស់អ្នកដទៃ តែងតែធ្វើឡើងនៅក្នុងរយៈពេលណាមួយជាកំណត់ ហើយរយៈពេលនេះអាចខ្លី ឬ ក៏វែងទៅតាមករណីនីមួយៗ (អាចជារយៈពេល ១ នាទី ឬ ១ ម៉ោងឬ ១ ខែជាដើម)។

• បទល្មើសអូសបន្លាយ៖ ជា បទល្មើសដែលអំពើបង្កគ្រោះថ្នាក់សង្គម ស្តែងឡើងជាប់ជាហូរហែគ្មានអាក់ខានក្នុងរយៈពេលណាមួយឡើយ។ និយាយម៉្យាងទៀតថា បទល្មើសអូសបន្លាយ សំដៅលើបទល្មើសដែលបង្កើតឡើង ដោយបណ្តាអំពើជាច្រើនប្រហាក់ប្រហែលគ្នា ដោយអំពើនីមួយៗក៏ត្រូវចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌដែរ ក៏ប៉ុន្តែដោយសារឯកភាពនៃសេចក្តីសម្រេចចិត្ត (គោលដៅរបស់ជនល្មើស) និង ភាពដូចគ្នានៃច្បាប់ ដែលជនល្មើសបានបំពាន អំពើច្រើនប្រហាក់ប្រហែលគ្នានោះ គួរតែចាត់ទុកថា ជាបទល្មើសតែមួយប៉ុណ្ណោះ។​ ឧទាហរណ៍៖ បទផិត ត្រូវកើតឡើងនៅពេលដែលបុរស ឬ ស្ត្រីដែលមានសហព័ទ្ធត្រឹមត្រូវតាមច្បាប់រួចហើយ បែរជាទៅរួមសេវនកិច្ចជាមួយស្ត្រី ឬ បុរសផ្សេងទៀត។ ឧបមាថា ជនល្មើសបានរួមសេវនកិច្ច ៥ ដងជាមួយនឹងបុរស ឬ ស្ត្រីដទៃទៀត ដែលមិនមែនជាសហព័ទ្ធរបស់ខ្លួន។ ជាធម្មតា គេអាចគិតថាបទល្មើសបានកើតឡើងចំនួន ៥ ដង ពោល គឺ មានបទផិតចំនួន ៥ ដងដែលបានកើតឡើងនៅពេលវេលា និង ទីកន្លែងខុសគ្នា ហើយនៅក្នុងការផ្តន្ទាទោសជនល្មើស តុលាការនឹងប្រើប្រាស់វិធាននៃបទល្មើសត្រួតគ្នា ក្នុងការសម្រេចសេចក្តី។ ក៏ប៉ុន្តែ មានការបកស្រាយមួយទៀតដែលថា ទោះបីជាមានការរួមសេវនកិច្ចធ្វើឡើងតែម្តង ឬ ច្រើនដងក៏ដោយ ក៏បទល្មើសមានតែមួយប៉ុណ្ណោះ ដោយចាត់ទុកថា អំពើរួមសេវនកិច្ចម្តង គឺ វាគ្រាន់តែជាសកម្មភាពអនុវត្តនូវប្រតិបត្តិការនៃអំពើផិតតែមួយប៉ុណ្ណោះ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it