Logo
ចំណេះដឹង រដ្ឋបាល
តើជំហ៊ានក្នុងការតាក់តែងលិខិតរដ្ឋបាលមានអ្វីខ្លះ? ចូរបកស្រាយ។
○ ជំហ៊ានក្នុងការតាក់តែងលិខិតរដ្ឋបាល មានដូចជា៖

• ការផ្តើមគំនិត
ការផ្តើមគំនិត គឺ កើតចេញពីការិយាល័យជំនាញ ឬ ផ្នែកជំនាញនៃអង្គភាព។ ផ្នែកជំនាញ ឬ ការិយាល័យជំនាញនីមួយៗ មានមុខការជាធម្មតារបស់ខ្លួន ក្នុងការផ្តើមគំនិតធ្វើលិខិតណាមួយរបស់ខ្លួន នៅពេលណាដែលត្រូវផ្តល់ព័ត៌មានចាំបាច់ក្តី ឬ នៅពេលដែលគេសួរចង់ដឹងបញ្ហាអ្វីមួយ។

• ការធ្វើសេចក្តីព្រាង
· ប្រសិនបើជារឿងពិបាក មន្រ្តីជំនាញត្រូវធ្វើសេចក្តីព្រាងលិខិតជាមុនសិន។ មន្រ្តីជំនាញ ត្រូវមានសំណុំលិខិតដែលអាចធ្វើឲ្យដឹងសាច់រឿង។ សំណុំលិខិតនោះ ត្រូវដាក់មកជាមួយសេចក្តីព្រាង​ ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យផងដែរ។
· ប្រសិន កិច្ចការមានការទំនាក់ទំនង ដល់ការិយាល័យច្រើននោះ ការិយាល័យដែលពាក់ព័ន្ធនឹងកិច្ចការសំខាន់ជាងគេ ត្រូវធ្វើសេចក្តីព្រាងលិខិត បន្ទាប់ពីពិគ្រោះ ឬ សាកសួរយោបល់ពីការិយាល័យពាក់ព័ន្ធមក។ ការពិគ្រោះ អាចធ្វើដោយផ្ទាល់មាត់ក៏បាន ប៉ុន្តែបើក្នុងករណីសំខាន់ គេត្រូវពិគ្រោះគ្នាដោយសរសេរជាលាយលក្ខអក្សរវិញ។ មតិ ឬ យោបល់ជាលាយលក្ខអក្សររបស់ការិយាល័យពាក់ព័ន្ធនោះ មានសារៈប្រយោជន៍ណាស់​ សម្រាប់ដាក់ជូនថ្នាក់លើពិនិត្យ សម្រេច និង សម្រាប់ទុកជាឯកសារភស្តុតាង។
· បើការិយាល័យយល់ព្រមលើសេចក្តីព្រាងហើយ សេចក្តីព្រាងនោះ​ ត្រូវដាក់ក្នុងសឺមី (ពិនិត្យ) រួចបញ្ជូនទៅថ្នាក់លើទៀត ដើម្បីសុំការសម្រេច។ បើសំបូរសឺមីពណ៌ ហើយសំណុំលិខិតនោះមានលក្ខណៈប្រញាប់ គេត្រូវដាក់សំណុំលិខិតនោះក្នុងសឺមីពណ៌ក្រហម បើមិនប្រញាប់ទេ គេប្រើសឺមីពណ៌ផ្សេងវិញ។ បើពុំមានសឺមីពណ៌ក្រហមទេ គេខ្ទាស់សញ្ញា (ប្រញាប់) នៅលើសឺមី និង សំណុំលិខិតផ្សេងៗ ដែលទាក់ទងនឹងសាច់រឿង ត្រូវដាក់ភ្ជាប់ទៅជាមួយដែរ។
· បើសំណុំលិខិតមានចំនួនច្រើន គេត្រូវប្រើសឺមីក្រាស់ សម្រាប់ច្រកសឺមីទន់មួយចំនួន ដែលមានសំណុំលិខិតតាមសាច់រឿង។
· បើសំណុំលិខិត មិនសូវមានឯកសារច្រើនទេ គេត្រូវខ្ទាស់សេចក្តីព្រាង​ នៅខាងស្តាំផ្ទៃក្នុងសឺមី ឯនៅខាងឆ្វេង គេត្រូវខ្ទាស់សំណុំឯកសារពាក់ព័ន្ធ និង លិខិតពន្យល់នានា​។
· ក្រោយពីទទួលការឯកភាពពីថ្នាក់លើរួចហើយ សេចក្តីព្រាងត្រូវបានបញ្ជូនត្រឡប់មកការិយាល័យជំនាញ ដែលជាអ្នកព្រាងលិខិតនោះវិញ។

• ការវាយអត្ថបទ
· ការិយាល័យជំនាញ ត្រូវចាត់ការវាយអង្គុលីលេខ ឬ កុំព្យូទ័រតាមលទ្ធភាពរបស់ខ្លួន។
· ក្រោយពេលដែលបានវាយអង្គុលីលេខ ឬ កុំព្យូទ័រស្អាតហើយ លិខិតទាំងនោះត្រូវដាក់ក្នុងសឺមី រួចបញ្ជូនមកថ្នាក់លើតាមលំដាប់។ បើការប្រញាប់ត្រូវដាក់ក្នុងសឺមីពណ៌ក្រហម ឬ សឺមីពណ៌ធម្មតា ប៉ុន្តែត្រូវមានក្រដាសតូចមួយសរសេរថា (ប្រញាប់) ខ្ទាស់មកជាមួយ។ ប្រធាននៃលំដាប់ថ្នាក់ (ការិយាល័យ អង្គភាព....) ត្រូវពិនិត្យ ទម្រង់រដ្ឋបាលនៃលិខិត ខ្លឹមសារ អក្ខរាវិរុទ្ធ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ប្រធានលំដាប់ថ្នាក់ត្រូវចុះហត្ថលេខាសង្ខេប ដើម្បីបញ្ជាក់ថាលិខិតនេះ បានដាក់ឆ្លង បានឯកភាពតាមលំដាប់ថ្នាក់។
· មិនត្រូវបត់លិខិត ឬ ធ្វើឲ្យលិខិតរហែក ឬ ទក់ ដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាឡើយ ពោល គឺ រក្សារូបភាពលិខិតឲ្យនៅស្អាតល្អ។

• ការចុះហត្ថលេខា
· ដើម្បីដាក់សំណុំលិខិតស្នើសុំថ្នាក់លើចុះហត្ថលេខា គេត្រូវខ្ទាស់សេចក្តីព្រាងដែលបានឯកភាពពីថ្នាក់លើរួចហើយ នៅផ្នែកខាងឆ្វេង ខាងក្នុងនៃសឺមី ឯសំណៅដែលត្រូវចុះហត្ថលេខា ត្រូវខ្ទាស់នៅខាងស្តាំ។ ក្រោយពេលដែលថ្នាក់លើចុះហត្ថលេខារួចហើយ គេត្រូវបោះត្រា ចុះលេខ និង ចុះកាលបិរច្ឆេទ (ដោយការិយាល័យរបៀប)។ សំណុំលិខិតទាំងអស់ ត្រូវបញ្ជូនទំលាក់មកការិយាល័យដែលធ្វើលិខិត តាមចរន្តដដែល។
· ឯកសារទាំងអស់ មិនមែនចុះហត្ថលេខា តែអ្នកទទួលខុសត្រូវខាងលើបង្អស់នោះទេ គឺ វាអាស្រ័យទៅលើការបែងចែកសិទ្ធិអំណាចទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំអង្គភាពមួយ ឬ ស្ថាប័នមួយ។

• ការបញ្ជូន ឬ ផ្ញើ
· ការិយាល័យជំនាញ ត្រូវដកទុនសំណុំលិខិត ១ ច្បាប់ ដើម្បីទុកជាឯកសារ។
· ការិយាល័យរបៀប ឬ ការិយាល័យរដ្ឋបាល មានភារកិច្ច ផ្ញើលិខិតចេញទៅស្ថាប័នក្រៅ។ លិខិតដែលត្រូវផ្ញើចេញត្រូវបានច្រកក្នុងស្រោមលិខិត​។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង រដ្ឋបាល, click on at the bottom under it