Logo
ហិរញ្ញ​វត្ថុ​ និង គណនេយ្យ
តើទស្សនៈទានទូទៅអំពីគណនេយ្យមានអ្វីខ្លះ? ចូរបកស្រាយ។
○ ទស្សនៈទានទូទៅអំពីគណនេយ្យ
ក. និយមន័យគណនេយ្យ (Accounting Definition)
• គណនេយ្យ គឺជា ប្រព័ន្ធពត៌មានដែលរាយការណ៍គ្រប់សកម្មភាពសេដ្ឋកិច្ច​​ និង ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយ ឬ របស់អង្គភាពផ្សេងៗទៀត។
• គណនេយ្យ គឺជា ដំណើរការនៃការកំណត់ (Identification) ការវាស់វែង (Measurement) ការកត់ត្រា (Recording) ការបញ្ជូន (Communicating) និង ការបកស្រាយ (Interpreting) នូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយនូវក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់។ រាល់ពត៌មានគណនេយ្យទាំងអស់ (ប្រតិបត្តិការណ៍) ត្រូវពិពណ៌នាអំពីសាច់ប្រាក់។
ខ.​ គោលបំណងរបស់គណនេយ្យ (Purpose of Accounting)
គោលបំណងរបស់គណនេយ្យ គឺ ផ្ដល់នូវពត៌មានដែលមានប្រយោជន៍ ទៅដល់មនុស្សទាំងអស់ដែលមានបំណងក្នុងការវិនិយោគ និង ការសំរេចចិត្តផ្សេងៗទៀត។ ​គោលបំណងគណនេយ្យ ក៏បានផ្ដល់នូវពត៌មានហិរញ្ញវត្ថុទៅដល់អង្គភាព អាជីវកម្មមួយ ដើម្បីជួយពួកគេនូវក្នុងការធ្វើផែនការ និង ការត្រួតពិនិត្យសកម្មភាពផ្សេងៗរបស់អង្គភាព​​។ អ្នកដែលប្រើប្រាស់ពត៌មានគណនេយ្យនោះ រួមមានដូចជា៖
• អ្នកវិនិយោគបច្ចុប្បន្ន និង អ្នកវិនិយោគសក្ដានុពល (Present and Potential Investors)
• ម្ចាស់បំណុល (Lender)
• អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម (Manager of Organizations)
• អ្នកផ្គត់ផ្គង់ (Suppliers)
• អតិថិជន (Customers)
• រាជរដ្ឋាភិបាល (Government)
• និង អ្នកប្រើប្រាស់ផ្សេងៗទៀត (Other Consumer)​
គ. គុណប្រយោជន៍របស់គណនេយ្យ (Advantages of Accounting)
គណនេយ្យ (Accounting) គឺជា ផ្នែកមួយដ៏សំខាន់ និង បានផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង នៅក្នុងការចាត់ចែង គ្រប់គ្រងអាជីវកម្ម ពីព្រោះ៖
• វាអាចជួយសំរួល ទៅដល់ការរៀបចំបញ្ជីផ្សេងៗរបស់ក្រុមហ៊ុន អោយមានរបៀបរៀបរយ។
• បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីអោយអ្នកគ្រប់គ្រង ឬក៏ ម្ចាស់ក្រុមហ៊ុនងាយស្រួលនៅក្នុងការរៀបចំ និង ចេញសេចក្ដីសំរេចផ្សេងៗ។
• បង្ហាញពីស្ថានភាពចំណូល និង ចំណាយដែលបានកើតឡើងក្នុងដំណើរ​ការអាជីវកម្ម ដែលអាចជួយអោយអ្នកគ្រប់គ្រង មានលទ្ធភាពក្នុងការកាត់បន្ថយនូវចំណាយ ដែលគ្មានប្រយោជន៍មួយចំនួន។
• វាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សំរាប់ធ្វើការវិភាគ ការពិចារណាអំពីគោលការណ៍ផែនការ និង ការកំណត់ទិសដៅផ្សេងៗទៀត។
• បង្ហាញពីលទ្ធផលរកស៊ីថា តើវាចំណេញ ឬ ខាត?
• ជួយដល់អ្នកគ្រប់គ្រងក្នុងការតាមដាន សកម្មភាពអាជីវកម្មរបស់គេ។
• អាចកាត់បន្ថយបាន នូវការកេងប្រវ័ញ្ចផ្សេងៗ។
• ផ្ដល់ភាពងាយស្រួល ក្នុងការកំណត់មុខងារហិរញ្ញវត្ថុ របស់ក្រុមហ៊ុនសំរាប់ធ្វើការបង់ពន្ធ និង ធ្វើផែនការហិរញ្ញវត្ថុ។
ឃ. ប្រព័ន្ធគណនេយ្យ (Accounting System)
ប្រព័ន្ធគណនេយ្យ គឺជា ប្រព័ន្ធមួយដែលគេប្រើប្រាស់សំរាប់មកការធ្វើការ បកស្រាយ ការវិភាគ (Analyze) ការត់ត្រា (​Recording) ការវាស់វែង​ (Measure) ការចាត់ចំណាត់ថ្នាក់ (Classifying) ការសរុប ​(Summarizing) អំពីទំនាក់ទំនងពត៌មានដែលមាន អត្ថប្រយោជន៍ដល់អ្នកវិនិយោគ​ (​Principles of Accounting I. 2012, P1& P2)។
• ការវិភាគ (Analyze) គឺជា ការវិភាគលើសកម្មភាពមួយថាតើសកម្មភាពនោះ កើតឡើងមកពីណា?
• ការកត់ត្រា ​(Recording) គឺជា ការកត់ត្រាអន្តរការនីមួយៗជាតំលៃទឹកប្រាក់។
• ការវាស់វែង (Measure) គឺជា ការវាស់វែងជាតំលៃទឹកប្រាក់ដែលយើងបានកត់ត្រាថា តើវាស្មើគ្នាហើយ​ ឬនៅរវាងឥណពន្ធ (Debit) និង ឥណទាន (Credit)។
• ការចាត់ចំណាត់ថ្នាក់ (Classifying) គឺជាការចាត់ថ្នាក់អន្តរការទាំងអស់នៃគណនេយ្យនីមួយៗ ដែលមានឈ្មោះដូចគ្នា ឬ លេខដូចគ្នា ដាក់ទៅតាមក្រុមនីមួយៗដែលមានទំនាក់ទំនងគ្នា។
• ការសរុប (Summarizing) គឺជា ការសង្ខេបពត៌មានគណនេយ្យទាំងអស់ ដែលមានសារៈសំខាន់ និង មានប្រយោជន៍ ចំពោះ​អ្នកដែលត្រូវធ្វើការសំរេចចិត្តក្នុង ការរៀបចំរបាយការណ៍ណាមួយ ដែលយើងចង់បាន (Principle of Accounting I)។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ហិរញ្ញ​វត្ថុ​ និង គណនេយ្យ, click on at the bottom under it