Logo
សេដ្ឋ កិច្ច
តើទីផ្សារមូលបត្រជាអ្វី?
○ ទីផ្សារមូលបត្រ (Securities Market) គឺជា កន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។ តាមនិយមន័យច្បាប់ ស្តីពីការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬ ទីកន្លែងជួញដូរមូលបត្រ ឬ ប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬ ការទិញ លក់មូលបត្រ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និង ឧបករណ៍និស្សន្ទ ជាដើម។

° ទីផ្សារមូលបត្រ គឺជា កត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច គេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជា និមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និង អន្តរជាតិ (សេដ្ឋកិច្ច-សង្គម និង នយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។ ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់ មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិ គឺ៖
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យមហាជនបង្កើននូវការសន្សំ និង កៀរគរមូលធនដែលនៅសេសសល់ មិនមានតម្រូវការប្រើប្រាស់ យកទៅវិនិយោគក្នុងសេដ្ឋកិច្ច។
• ទីផ្សារមូលបត្រ គឺជា មធ្យោបាយមួយប្រមែប្រមូលកៀរគនូវប្រភពមូលធនដែលនៅទំនេរតូចៗ មិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។
• ទីផ្សារមូលបត្រ គឺជា ឧបករណ៍មួយជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
• ទីផ្សារមូលបត្រ គឺជា ឧបករណ៍មួយដើម្បីទាក់ទាញ និង ស្រូបយកនូវមូលធនពីបរទេស។
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាព និង មានតម្លាភាព។
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬ ចលនារស់រវើក។
• ទីផ្សារមូលបត្រ ជួយបង្កើតនូវទម្លាប់នៃការវិនិយោគ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from សេដ្ឋ កិច្ច, click on at the bottom under it