Logo
នីតិ សាស្ត្រ
តើផលប្រយោជន៍នៃការបែងចែកមានអ្វីខ្លះ?
○ ផលប្រយោជន៍នៃការបែងចែក មានដូចជា៖
• ផលប្រយោជន៍ទាក់ទងនឹងអាជ្ញាយុកាល៖ អាជ្ញាយុកាលជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈពេលនេះ បុគ្គលម្នាក់អាចបាត់បង់សិទ្ធិណាមួយរបស់ខ្លួន។ អាជ្ញាយុកាលមានពីរប្រភេទ គឺ អាជ្ញាយុកាលនៃបទល្មើស និង អាជ្ញាយុកាលនៃទោស។

• ផលប្រយោជន៍ទាក់ទងនឹងការអនុវត្តនីតិវិធី៖ ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញាត្រូវតែបើកការស៊ើបសួរដោយធ្វើដីការបញ្ជូនរឿង ឱ្យស៊ើបសួរតាមមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ បទមជ្ឈិម ព្រះរាជអាជ្ញាមានសិទ្ធិជ្រើសរើស ក្នុងការបើកការស៊ើបសួរ ឬ បញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬ ក៏ប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភា្លមបាន កាលបើលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ៤៧ នៃនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបំពេញគ្រប់គ្រាន់។ ចំណែកបទលហុ ព្រះរាជអាជ្ញាត្រូវកោះហៅជនជាប់ចោទ ឱ្យចូលខ្លួនទៅមុខតុលាការជំនុំជម្រះដោយផ្ទាល់តាមមាត្រា ៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ករណីបទឧក្រិដ្ឋការជំនុំជម្រះ ធ្វើឡើងដោយចៅក្រមបីរូបដែលសម្រេចជាសមូហភាព ឬ ហៅថាក្រុមប្រឹក្សាជំនុំជម្រះ ដោយមានការចូលរួមពីតំណាងអយ្យការមួយរូប។ ក្នុងបទមជ្ឈិម និង បទលហុ សាលាដំបូងជំនុំជម្រះ ជា ចៅក្រម ទោសទណ្ឌ​ តាមមាត្រា ២៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

• ការប៉ុនប៉ង៖ តាមអត្ថន័យនៃមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋទាំងអស់ត្រូវមានទោស កាលបើលក្ខខណ្ឌដែលបានចែងនៅមាត្រា ២៧ ត្រូវបានបំពេញគ្រប់គ្រាន់។ ចំណែកការប៉ុនប៉ងក្នុងបទមជ្ឈិមត្រូវមានទោស ក្នុងករណីដែលច្បាប់បានចែងទុកជាមុនតែប៉ុណ្ណោះ។ រីឯការប៉ុនប៉ងក្នុងបទលហុ ពុំមានការផ្តន្ទាទោសនោះទេ។

• ការផ្តើមគំនិត និង ការសមគំនិត ដែលបំពេញលក្ខខណ្ឌច្បាប់កំណត់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិម សុទ្ធតែមានទោសទំាងអស់ យោងតាមមាត្រា ២៨ និង ២៩ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ មាត្រា ២៨ និង ២៩ នៃក្រមព្រហ្មទណ្ឌ ពុំបានចែងពីការផ្តើមគំនិត និង ការសមគំនិតក្នុងបទលហុ មិនត្រូវទទួលការផ្តន្ទាទោសឡើយ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from នីតិ សាស្ត្រ, click on at the bottom under it