Logo
អក្សរសាស្រ្ត ខ្មែរ
ក. តើអត្តសញ្ញាណជាតិជាអ្វី? និមិត្តរូបជាតិជាអ្វី?
ខ. តើអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងប្រើនិមិត្តរូបអ្វី? មានអត្ថន័យដូចម្តេចខ្លះ?
គ. ហេតុអ្វីបានជាយើងឲ្យតម្លៃនិមិត្តជាតិយើង?
○ ការស្រលាញ់ប្រទេសជាតិ គឺជា តម្លៃមួយដែលធ្វើឲ្យមនុស្សហ៊ានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីសេរីភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ឯកភាពជាតិ សន្តិភាព និង ការការពារអត្តសញ្ញាណជាតិ និមិត្តរូបជាតិ។
ក. អត្តសញ្ញាណជាតិមានសញ្ញាជាតិ សំរាប់សំគាល់ឲ្យជាក់លាក់ពិតប្រាកដរបស់ជាតិមួយ។ និមិត្តរូបជាតិជារូបភាព តំណាងឲ្យជាតិសាសន៍មួយ។
ខ. អត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ ដែលមានអត្ថន័យដូចខាងក្រោម៖
☆ ទង់ជាតិ៖
• ពណ៌ក្រហម តំណាងប្រជារាស្ត្រ
• ពណ៌ខៀវ តំណាងព្រះមហាក្សត្រ
• រូបប្រាសាទពណ៌ស តំណាងវប្បធម៌ អរិយធម៌
☆ ភ្លេងជាតិ៖
• វគ្គទី១៖ ការបូងសួងដល់ទេវតា សូមឲ្យជួយថែរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ ដែលបានដឹកនាំកសាងប្រាសាទអង្គរ និង គ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។
• វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹកស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហរ រឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
• វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនា នៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរ ក្លាយជាមហានគរតាំងពីដូនតារៀងរហូត បើយើងជឿជាក់ និង ប្រតិបត្តិដូនតា យើងនឹងថ្កុំថ្កើងរុងរឿង ដូចសម័យមហានគរ។
☆ សញ្ញាជាតិ៖
• ពន្លឺឆព្វររង្សីនៅពីលើ តំណាងឲ្យអរិយធម៌ខ្មែរ
• ស្វេត្រឆ័ត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្ត្រ
• ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និង យុត្តិធម៌
• រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្ត្រខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក
• ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។
គ. បានជាយើងឲ្យតម្លៃទៅលើនិមិត្តរូបជាតិយើង គឺ ដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និង លក្ខណប្រយុទ្ធ និង ការពាអត្តសញ្ញាណជាតិ សន្តិភាព និង ឯកភាពជាតិ។
1 year ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it