Logo
អភិ វឌ្ឍន៍
ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពជា គេតែងតែយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា “ការអភិវឌ្ឍន៍ប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម” ឯអ្នកខ្លះទៀតយល់ថា “ការអភិវឌ្ឍន៍ប្រទេសជាតិពឹងផ្អែកលើវិស័យទេសចរណ៍" តើមតិទាំងពីរខាងលើនេះ មួយណាសមហេតុផលជាងមួយណា? ចូរពិភាក្សា។

✽✽🔆✽✽ សេចក្តីអធិប្បាយ​ ✽✽🔆✽✽

ប្រទេសខ្មែរកាលពីសម័យដើម បុព្វបុរសខ្មែរធ្វើការកសាងតាមបែបបុរាណ គឺ ប្រកាន់យកសិកម្មធ្វើជាគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍។ គេប្រទះឃើញនូវកេរមតកជាច្រើន ក្នុងនោះរួមមាន ប្រព័ន្ធប្រលាយទឹក វាលស្រែធំល្វឹងល្វើយ គេហដ្ឋានតូចធំ ខ្លះប្រកស្លឹក ខ្លះប្រកក្បឿង រហូតដល់សំណ​ង់ប្រាសាទឥដ្ឋ ប្រាសាទថ្ម រាប់សិបដល់បច្ឆាជនរបស់ខ្លួន។ ដោយសារមានការរីកចំរើនជាបន្តបន្ទាប់ អ្នកខ្លះយល់ថា ការ​អភិវឌ្ឍន៍ប្រទេសពួកគេមានការយល់ឃើញខុសៗពីគ្នា។

អ្នកខ្លះយល់ថា៖ “ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យកសិកម្ម“។ ឯខ្លះទៀតយល់ថា៖ “ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍“
តើមតិពីរខាងលើនេះ មួយណាសមហេតុផលជាងមួយណា?

ក្នុងបំណងជួយសំរួលដល់ការដោះស្រាយ ចំពោះបញ្ហាខាងលើ ជាបឋមគួរគប្បីយល់ន័យរបស់ពាក្យមួយចំនួនសិន។ អភិវឌ្ឍន៍ គឺធ្វើឲ្យមានការប្រែប្រួល រីកចំរើនកាន់តែខ្លាំង។ កសិកម្ម​ គឺជាមុខរបរធ្វើស្រែចំការ។ រឺឯ ទេសចរណ៍ គឺជាការសំដៅទៅលើការងារដើរលេងកំសាន្ដទាំងក្នុង និង ក្រៅប្រទេស​។ ទស្សនៈរបស់ប្រធានខាងលើនេះចង់បញ្ជាក់ន័យថា ក្នុងការអភិរឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើន ប្រទេសកម្ពុជាត្រូវពឹងផ្អែកទៅលើរបរធ្វើស្រែចំការ ហើយមួយផ្នែកទៀត គឺ ពឹងផ្អែកទៅលើប្រាក់ចំណូល បានមកពីវិស័យបំរើសេវាកម្មនៃការដើរលេងកំសាន្ដរបស់ភ្ញៀវ​ទេសចរណ៍។ អាស្រ័យដោយមានការយល់បែបនេះ គម្បីលើកយកមតិម្ខាងមួយ មកពិចារណាដូចខាងក្រោម៖

មតិទី ១​៖ យល់ថា ការអភិវឌ្ឍន៍ប្រទេសជាតិ​ គឺ ត្រូវពឹងផ្អែកទៅលើវិស័យកសិកម្ម។ គេយល់ឃើញបែបនេះ ព្រោះគេសំអាងលើហេតុផលមួយចំនួនមានដូចជា​អាទិ៍ តាំងពីកើតទឹកដី​ រហូតទល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរប្រមាណជាជាងប៉ែតសិបប្រាំភាគរយ ប្រកបរបរធ្វើស្រែចំការច្បារដំណាំ ចិញ្ចឹមជីវិតតកូនចៅជាដរាបរៀងមក។ ពួកគាត់ មានសមត្ថភាពពេញលេញក្នុងការធ្វើកិច្ចការបែបនេះ។ យោងទៅលើកត្ដាសណ្ឋានដី និង អាកាសធាតុ កសិករគ្រប់តំបន់អាចបង្កបង្កើនផល យោងទៅតាមសណ្ឋានដី និង អាកាសធាតុ កសិករគ្រប់តំបន់អាចបង្កបង្កើនផលបានតាមប្រាថ្នា ទោះបីជួបនឹងឧបសគ្គខ្លះៗក៏ដោយ។ បើនិយាយសំដៅទៅលើវិស័យធនធានទឹកវិញ ទឹកដីនៃប្រទេសកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សំបូរបែប ដូចជា បឹងបួរ អូស្ទឹង ទន្លេតូចធំ ជាពិសេស ទន្លេមេគង្គ ជាប្រភពទឹកដ៏សំខាន់នាំទឹកមក ស្រោចស្រពគ្រប់ទិសទី និង ពេញដោយជីជាតិសំរាប់បំរើការលើរបរស្រែចំការច្បារដំណាំគ្រប់ប្រភេទ។ ចំណុចសំខាន់ទាំងនេះ ជំរុញអោយខឿនសេដ្ឋកិចូរបស់កម្ពុជាអាចរកប្រាក់ចំណូលយ៉ាងច្រើន បំរើអោយកិច្ចការកសាងប្រទេសឲ្យររីកចំរើន។ ជាក់ស្តែងជីវភាពរបស់ប្រជាកសិករខ្មែរក្នុងសម័យអង្គរ សម័យសង្គមរាស្រ្ដនិយម សម័យបច្ចុប្បន្ន សំរាប់អ្នកមានជីវភាពរស់នៅបានសមរម្យ ក្រោយពីគេប្រកាន់ខ្ជាប់នូវរបរកសិកម្ម (ធ្វើស្រែចំការ ច្បារដំណាំ ចិញ្ចឹមសត្វ)។ សំរាប់ស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោកសួន សុរិន្ធ វិញ បើមើលពីវគ្គទីដប់ ប្រាំពីរ ដល់ ទីដប់ប្រាំបួន ឃើញថា ជីវភាពរបស់ សួន សម មានការប្រែផ្លាស់មុខមាត់ ពីរកបាយហូបមិនបានឈានទៅមានជីវភាពធូរធារ រហូតសំរាកនៅសណ្ឋាគារ នៅក្រុងភ្នំពេញ ដើម្បីចូលរួមស្តាប់សមាជជាតិ នៅវាលព្រះមេរុ៍ ថែមទៀតផង។ នេះក៏ព្រោះតែ សួន សម ងាកមករករបរកសិកម្មវិញ ហើយអនុវត្តសមមាគ៌ា ដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ពិសេស ផែនការប្រាំឆ្នាំ គឺ នយោបាយភាពទឹក។ មិនត្រឹមតែ សួន សម នោះទេ សូម្បីប្រជាកសិករនៅក្នុងភូមិឃុំជាមួយ សម ក៏មានកិរិតជីវភាពមិនចាញ់គេឡើយ។

ចំនែកមតិនៃក្រុមទីពីរ៖ យល់ឃើញថា ការអភិវឌ្ឍន៍ប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍ដោយមានការសំអាងលើហេតុផលមួយចំនួនដែរ ដូចជា ពលរដ្ឋកម្ពុជា ត្រូវបានរស់នៅលើទឹកដីមួយដែលសំបូរដោយសម្បត្តិធម្មជាតិដ៏ច្រើន និង សំបូរបែប ព្រៃឈើបៃតងស្រស់គ្រប់ប្រភេទ (ឈើហូបផ្លែឈើ ឱសថ ឈើសំណង់ ឈើលំអរ...) សព្វគ្រប់ប្រភេទគួរឲ្យចចង់គយគន់ (សព្វស្រុក សត្វព្រៃចតុបាត ទ្វេបាត មច្ឆាជាតិ...) អូរស្ទឹង បឹងបួរ ទន្លេតូច ទន្លេធំ... អមដោយធម្មជាតិស្រស់ត្រកាល។ បណ្ដាសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទំលាប់ ការស្លៀកពាក់បែបបទពេលប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅថ្ងៃធម្មតា ថ្ងៃបុណ្យទាន ចំរៀង របាំ ឧបករណ៍ភ្លេង តន្ត្រីដ៏សំបូរបែប ចង់ស្តាប់ ចង់ទស្សនា។

អ្វីៗជាច្រើនទៀត ដែលខ្មែរមានស្រាប់ពុំពិបាកចំណាយថវិកាទៅទិញ គ្រាន់តែប្រើកំលាំងកាយ កំលាំងប្រាជ្ញាកែច្នៃ គឺ អាចរកប្រាក់ចំណូលជូនគ្រួសារ ក៏ដូចជាប្រទេសបានយ៉ាងងាយ។ ប្រសិនបើ ជួបគ្រោះធម្មជាតិរាំងស្ងួត ខ្លួនៗក៏អាចរកថវិកាមកចិញ្ចឹមជីវិតបានតាមរយៈវិស័យទេសចរណ៍បានដែរ។ ជាក់ស្ដែងក្នុងសង្គមពិតជីវភាពប្រជាពលរដ្ឋ រស់តាមតំបន់ដែលមានទេសចរណ៍ឆ្លងកាត់ កំសាន្ត មានសភាពធូរស្រាលបានទទួលទាំងថវិកា និង​ ចំណេះ​ដឹង។ សំរាប់ស្នាដៃអក្សរសិល្ប៍វិញ គឺ អត្ថបទសេវាកម្មទេសចរណ៍នេះតែម្តង ឧទាហរណ៍ “សិប្បករផលិតវត្ថុអនុស្សាវរីយ៏ទទួលកំរៃបានមិនតិចទេ... សេវាកម្មល្អ ភ្ញៀវពេញចិត្ត ផលកំរៃនឹងកើនឡើង...”។

តាមការបំភ្លឺ វែកញែកដោយត្រួសៗកន្លងមកឃើញថា មតិទាំងពីរសុទ្ធតែមានភស្តតាងរៀងៗខ្លួន គួរយកជាការបាន ប៉ុន្តែការពិត មតិទាំងពីរខាងលើ ត្រូវរួមផ្សំដែលពុំអាចខ្វះ​មួយណាបាន ទើបសំរេចទិសដៅអភិវឌ្ឍន៍ប្រទេសទៅកើត ហើយបើមានតែពីរវិស័យនេះ ដោយពុំមានវិស័យពាណិជ្ជកម្ម អប់រំ ទូរគមនាគមន៍ ឧស្សាហកម្ម ក៏ពុំអាចសំរេចទិសដៅមួយរយភាគរយបានដែរ ពោលគឺទាមទារនូវកំលាំងចូលរួមលើគ្រប់វិស័យតែម្តង។

ជាយោបល់បញ្ចប់ឃើញថា មតិប្រធានពុំខុសទេ តែពុំទាន់មានតំលៃពេលលេញនៅឡើយ គឺ ទាមទារនូវការពង្រឹងកំលាំងស៊ីសង្វាក់គ្នារវាងវិស័យសំខាន់ៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ទឹកដីកម្ពុជាអោយបានឈរឡើងដល់ត្រើយសុភមង្គល។ ក្នុងនាមយើងជាសិស្សានុសិស្ស គប្បីខិតខំរៀនសូត្រ អប់រំខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ឈានទៅជាធនធាមនុស្ស ដែលជាកំលាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញនូវរាល់កិច្ចការបំរើអោយទស្សនៈកសាង និង ការពារមាតុភូមិរបស់ខ្លួន ទើបប្រពៃ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it