Logo
អភិ វឌ្ឍន៍
មានមតិមួយបានពោលឡើងថា “ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍” តើអ្នកយល់យ៉ាងណា? ចូរពន្យល់។
○ សេចក្តីអត្ថាធិប្បាយ៖ វណ្ណកម្មនៃស្នាដៃអក្សរសិល្ប៍ទំនើបបែបតថនិយម រិះគន់ជឿនលឿន វាគឺជាបណ្ដុំនៃពុទ្ធិថ្មី ដែលកើតឡើងដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ចំណែកអត្ថបទអក្សរសិល្ប៍ រឿងភូមិតិរច្ឆានរបស់អ្នកនិពន្ធ ឌឹក គៀម និង ឌឿក អំ លោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គម ដែលកើតឡើងដោយការតស៊ូ។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយបានលើកឡើងថា ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។

តើមតិខាងលើនេះមានខ្លឹមសារ និង អត្ថន័យយ៉ាងដូចម្តេច?

ដើម្បីបានជាស្ពាន ឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើ អោយមានលក្ខណៈកាន់តែបានពិស្តារ ប្រកបដោយខ្លឹមសារកាន់តែស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យនៃពាក្យ អភិវឌ្ឍន៍។ ពាក្យ អភិវឌ្ឍ មានន័យថា ភាពលូតលាស់ រីកចំរើនជឿនលឿនទៅមុខ។ ដូចនេះ ប្រធានខាងលើមានន័យថា ការតស៊ូគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍ លោក កេង វណ្ណសាក់ បានអោយនិយមន័យអក្សរសិល្ប៍ គឺជា​វិទ្យាសាស្ត្រស្យ​ង់ ដែលបានលើកយកបញ្ហានៅក្នុងសង្គមមកចោទ និង ដោះស្រាយត្រង់នេះ វាមានន័យថា នៅក្នុងសង្គមពោរពេញទៅដោយបញ្ហាចំរូងចំរាស់ ស្មុគស្មាញរាប់ម៉ឺនសែនជំពូក។ មនុស្សខ្លះ ប្រកបទៅដោយឧត្តមគតិជាតិនិយម​ និង ហ៊ានចេញមុខចំពោះសត្រូវ ដើម្បីឯករាជ្យភាព ឥស្សរភាពនៃពូជសាសន៍ ព្រមទាំងការអភិវឌ្ឍន៍សង្គមទាំងមូល។

យ៉ាងណាមិញ បើយើងពិនិត្យមើលប្រវត្តិសាស្ត្រនាសម័យនគរភ្នំ បានបង្ហាញអោយយើងឃើញថា ប្រទេសជាតិស្ថិតនៅក្រោមការឈ្លានពាន គំរាមកំហែងពីសត្រូវ ដែលជាហេតុធ្វើអោយព្រះនាង លីវ យី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋាន ដោយព្រះនាងបានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវ ការពារទឹកដី រំដោះប្រទេសជាតិ និង ធ្វើយ៉ាងណាអោយពូជសាសន៍របស់ខ្មែរបាននៅគង់វង្ស។ មិនតែប៉ុណ្ណោះ បើយើងពិនិត្យទៅក្នុងអត្ថបទ ប្រវត្តិសាស្ត្រនាសម័យ ចេនឡា បានបង្ហាញអោយយើងឃើញថា ព្រះនា ងជ័យរាជទេវី ជាវីរក្សត្រីដែលមានគំនិតជាតិនិយម បានដឹកនាំប្រទេសជាតិអោយឈានទៅរកការរីកចំរើន ដោយព្រះនាងបានកសាងទីក្រុងសម្ភពបុរៈ ព្រមទាំងកសាងប្រាសាទទុកអោយកូនចៅជំនាន់ក្រោយ បានទាញយកប្រយោជន៍តាមរយ:វិស័យទេសចរណ៍ ដែលបានផ្តល់ទុនថវិការចំណូលអោយជាតិមាតុភូមិ។

ក្នុងករណីមួយទៀត បើយើងពិនិត្យក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ ​ក្នុងព្រឹត្តិការណ៍ឆ្នាំ ១១៧៧ ប្រទេសជាតិបានធ្លាក់នៅក្រោមការត្រួត
ត្រារបស់ពួកចម្ប៉ា ដែលជាហេតុធ្វើអោយព្រះបាទជ័យវរ្ម័ន ទី ៧ សំរេចចិត្តយកការតស៊ូជាមូលដ្ឋាន ដោយយាងចូលព្រៃបង្កើតចលនាតស៊ូបណ្តេញចម្បា៉ឈ្លានពាន ចេញពីទឹកដីបានជោគជ័យនៅឆ្នាំ ១១៨១ ដោយដឹកនាំប្រទេស ឈានទៅរកការរីកចំរើនលើគ្រប់វិស័យ ដូចជា ផ្នែកស្ថាបត្យកម្ម សំណង់ប្រាសាទ ត្រូវបានស្ថាបនាឡើងជាភស្តុតាងមកដល់បច្ចុប្បន្ននេះ។ ចំពោះវិស័យសុខាភិបាល សង្គមកិច្ច
ព្រះអង្គបានបង្កើតមន្ទីពេទ្យចំនួន ១០២ សាលាសំណាក ចំនួន ១២១ រាយពាសពេញផ្ទៃប្រទេស សំរាប់បំរើអោយផលប្រយោជន៍រាស្រ្តទូទៅ សំរាប់ចូលទៅស្នាក់អាស្រ័យ និង ពិនិត្យព្យាបាលជំងឺ តាមលទ្ធភាព។ ចំពោះក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័ន ទី ៧ មានសង្គ្រាមសាសនា បានកើតឡើងរវាងពុទ្ធសាសនា និង ព្រហ្មណ៍សាសនា ដែលបានជាសង្គ្រាមបង្ហូរឈាមរវាងគ្នានឹងគ្នាអស់រយៈពេលជាច្រើនថ្ងៃ ដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយ ខណៈនោះព្រះនាង ឥន្ទ្រ ទេវី បានយកការតស៊ូដោយសន្តិវិធី ធ្វើជាមូលដ្ឋានតាមរយៈការអប់រំស្វាមី និង នាម៉ឺនសព្វមុខមន្ត្រីអោយមានជំនឿលើពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាព ហើយព្រះនាងបានចូលរួមចំណែកកសាងមជ្ឈមណ្ឌលមួយឡើង ដោយប្រមូលយកក្មេងកំព្រាទៅចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុង ត្រង់ចំនុចនេះ វាគឺជាសក្ខីភាពមួយដែលឈរលើមូលដ្ឋានគ្រឹះ ស្តែងឃើញថាការតស៊ូដែលឈរលើមូលដ្ឋានគ្រឹះ វាពិតជាធ្វើអោយសង្គមមានការរីកចំរើន ប្រកបដោយស្ថិរភាព។

ម្យ៉ាងទៀត បើយើងពិនិត្យក្នុងសង្គមខ្មែរចុងស.វ ទី ១៩ ដើម ស.វ ទី ២០ ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ដែលជាហេតុធ្វើអោយព្រះបាទ នរោត្តម សីហនុ កាន់យកគោលការណ៍ ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូ បណ្តេញពួកអាណានិគមបារាំងឈ្លានពាន ដោយអនុវត្តន៍នយោបាយពីរ គឺ នយោបាយក្នុងប្រទេស បង្កើតកងជីវពលនារីក្លាហានមានចំនួន ៨ ម៉ឺននាក់ ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកអាណានិគមបារាំង ឯនយោបាយក្រៅប្រទេស ទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ កាណាដា ជប៉ុន និង សហរដ្ឋអាមេរិក ដែលជាហេតុធ្វើអោយបារាំងយល់ព្រមប្រគល់ឯករាជ្យពេញលេញ យកអោយខ្មែរ នៅថ្ងៃ ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយព្រះអង្គដឹកនាំប្រទេសជាតិឈានទៅរកការរីកចំរើនលើគ្រប់វិស័យ ដូចជា វិស័យសុខាភិបាល សិក្សាធិការជាតិ ទ្រង់បានកសាងមន្ទីពេទ្យ សាលារៀនចាប់ពីទីក្រុងដល់ទីជនបទ សំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្ត្រ វិស័យគមនាគមន៍មានការកសាងផ្លូវជាតិលេខ ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេសជប៉ុន។

សរុបសេចក្តីអោយខ្លីមកវិញ យើងឃើញថា មនុស្សដែលមានការតស៊ូជាមូលដ្ឋាន នៅពេលអនាគតអ្នកនោះនឹងមានការអភិវឌ្ឍន៍ពីអ្វីមួយទៅជាឋានៈ ឬ ចំណេះដឹងខ្ពស់ជាងនេះ និង មានកិត្តិយសឧត្តុង្គឧត្តម មានញាតិរាប់រកច្រើន។

ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបទៅដោយអំណៈអំណាង​បញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពិតជាមានលក្ខណៈត្រឹមត្រូវប្រកបទៅដោយតំលៃ។ ដូចនេះ ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំនឹងខិតខំតស៊ូរៀនសូត្រ ស្រាវជ្រាវអោយអស់ពីសមត្ថភាព ដើម្បីជាគ្រឹះដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេស និង សង្គមជាតិអោយមានការរីកចំរើន។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អភិ វឌ្ឍន៍, click on at the bottom under it